ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីសួងព័ត៌មាន បានលើកឡើងថា «កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជា មានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មាន ប្រកបដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព»។
ខាងលើនេះ គឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមទទួលជួបលោកឧកញ៉ា ជា ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ខ្លឹមសារ គឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗក្នុងការទាក់ទាញអតិថិជនអ្នកអាន និងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរណបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មាន ជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនា និងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញចូលរួមផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗដែលបម្រើផលប្រយោជន៍ នៃការយល់ដឹង និងកម្សាន្តប្រកបដោយក្រមសីលធម៌ជូនដល់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមថា ការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មានតាមរយៈការបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការបំប៉នសមត្ថភាពបន្ថែមដល់អ្នកសារព័ត៌មាន ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព៕