2024-06-21 04:06
213

ក្នុងនោះសមត្ថកិច្ចចម្រុះបានរកឃើញទីតាំងឃ្លាំងស្តុកឈើល្មើសច្បាប់ ចំនួន ០២កន្លែង និងរឹបអូសវត្ថុតាងល្មើសច្បាប់ជាច្រើនផងដែរ។
ជាមួយគ្នានោះដែរបើតាមប្រភពបានបង្ហើបថា បុគ្គលឈ្មោះ កោះ សុភី ហៅ តាហយ ជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើចាស់វស្សារាប់ឆ្នាំមកហើយ កន្លងមកសមត្ថកិច្ចក៏ធ្លាប់             បង្ក្រាបដែរ ប៉ុន្តែស្រាប់តែថ្មីៗនេះ លេចមុខតាហយ ចាប់ផ្តើម រកស៊ីដឹកជញ្ជួនបទល្មើសព្រៃឈើនាំចេញទៅក្រៅប្រទេសសារជាថ្មី ដោយមានឈ្មោះ ង៉ោ ម៉ៅ មានតួនាទីជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ជាអ្នកមើលការខុសត្រូវ និងរត់ការតាមដងផ្លូវឱ្យ តាហយ ថែមទៀតផង ។

ហើយបើតាមប្រភពខ្លះបង្ហើបថា ឈ្មោះ ង៉ោ ម៉ៅ ជាមន្ត្រីប៉ូលិសដែលមានការពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកក្រគរនេះធ្លាប់ល្បីថាមានឈ្មោះស្ថិតក្នុងបញ្ជីខ្មៅរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ប៉ុន្តែករណីនេះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ។ ទោះបីជាយ៉ាងណាអង្គភាព អឹម អេស ជេ មិនទាន់ស្វែងរកការបំភ្លឺបន្ថែមពីលោក ង៉ោ ម៉ៅ ជាមន្ត្រីនគរបាលស្រុកក្រគរ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ។ 

គួរបញ្ជាក់ថាលោកតាន់ គឹមសួរ ដែលគេស្គាល់ថា ជាប្រធានក្រុមយុវជនការពារព្រៃឈើ និងបរិស្ថាន បានបង្ហោះលើគណនីហ្វេសប៊ុកមានឈ្មោះ «Tan Kimsour» បានឱ្យដឹងថា៖ ករណីថ្មីៗនេះ នៅថ្ងៃទី១៣-ថ្ងៃទី១៥ ខែមិថុនា ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រោមការដឹកនាំរបស់ លោក            ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានរកឃើញឃ្លាំងស្តុកឈើធំៗ ចំនួន ០៣ទីតាំង ចំកណ្ដាលទីប្រជុំជន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ តែម្ដង ហើយនៅក្នុងឃ្លាំងមួយចំនួន គឺមាន៖ ការរៀបចំម៉ាស៊ីនរ៉ៃច្រៀកឈើ និងសិប្បកម្មកែច្នៃឈើខុសច្បាប់ (សំឡេងម៉ាស៉ីលឺខ្លាំងណាស់), និងបានរកឃើញនូវប្រភេទឈើកម្រជាច្រើនដែលប្រភេទឈើ និងទំហំឈើទាំងនោះសុទ្ធសឹងតែជាប្រភេទឈើនាំចេញទាំងអស់, រកឃើញនូវកន្ទុយឡានវ៉េអង បាត់ក្បាលឡាន (ជាប្រភេទឡានដឹកជញ្ជូនឈើចេញទៅក្រៅស្រុក), រកឃើញនូវឡានដំរីទឹក ០១គ្រឿង (០២គ្រឿងទៀតគេចខ្លួនបាត់), រកឃើញនូវហ្គារាស់ឡានដំរីទឹក ឡានដំរីទឹកមួយគ្រឿងផ្សេងទៀតកំពុងតែដំឡើង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះ ប្រតិបត្តិការបង្ក្រាប់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅស្រុកក្រគរដែលមានមេឈ្មួញចាស់វស្សាឈ្មោះ កោះ សុភី ហៅ តាហយនេះ មិនទាន់ចប់នៅឡើយទេ សមត្ថកិច្ចចម្រុះកំពុងបន្តប្រមូលយកវត្ថុតាងមករក្សាទុក ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនិតិវីធី ខណៈមេឈ្មួញតាហយ កំពុងរត់គេចខ្លួន និងស្វែងរកការជួយអន្តរគមន៍ក្នុងរឿងនេះផងដែរ៕