កំពង់ស្ពឺ៖ ក្រុមហ៊ុនមកពីប្រទេសចិនធំៗ ចំនួន ៥០ បានប្តេជ្ញាថានឹងជម្រុញឲ្យមានការវិនិយោគផ្នែកកសិកម្ម នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ជាពិសេសលើការចិញ្ចឹមសត្វគោ និងជ្រូក ព្រមទាំងមានរោងចក្រសម្រាប់កែច្នៃសាច់ទាំងនោះ ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោកតែម្តង។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «លោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាសជាង ៥០ ឲ្យទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូកតែម្តង»។
សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកវិនិយោគមកពីទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត បានចាប់អារម្មណ៍លើការវិនិយោគ ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ស្ពឺយ៉ាងខ្លាំង បានស្រូបយកការងារជូនប្រជាពលរដ្ឋរាប់ម៉ឺន សែនកន្លែង ជាពិសេសមួយរយៈនេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិនហាងច្រើនផងដែរ។
សូមបញ្ជាក់ជូនថា ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និង ជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិនផងដែរ៕