(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូ ចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសម្របសម្រួលដោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើមានករណីកើតឡើងបន្តទៀត នាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
បើតាមការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីស្រ្តីតែងខ្លួនជាប្រុសបានចូលខ្លួនតាមការកោះហៅរបស់មន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានបកស្រាយឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ស្រ្តីឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣៨ ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្តឹងឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទតាមអុកឡុក។
នៅពេលនោះមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក៏បានកោះហៅស្រ្តីរងការចោទប្រកាន់ដើម្បីសាកសួរជុំវិញបណ្តឹងនេះ។
លុះនៅថ្ងៃដដែលភាគីទាំងពីរ គឺស្រ្តីដើមបណ្តឹង និងស្រ្តីចុងបណ្តឹងក៏បានសម្របសម្រួលគ្នាម្តងរួចមកហើយ សម្រេចបដិសេធដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី មិនប្តឹងចោទស្រ្តីចុងបណ្តឹងនោះទៀតទេ។
ដោយឡែកនៅពេលនោះសម្រាប់ស្រ្តីចុងបណ្តឹងតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម សមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតស្រ្តីដើមបណ្តឹងតទៅទៀត បើមានករណីកើតឡើងបន្តនាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕