2024-02-28 18:43
278

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះមានករណីតៃកុងគ្រឿងចក្របើកអេស្កាវ៉ាទ័រមិនប្រយ័ត្នកិនម្ចាស់ចំការដែលជួលយកមកឈូសឆាយដីធ្លីស្លាប់នៅខេត្តកោះកុង បានក្លាយទៅជាប្រធានបទមួយដ៏ក្តៅគគុករបស់ក្រុមប្រឆាំងបានយកព័ត៌មានគ្រោះថ្នាក់នេះ បង្កើតទៅជាព័ត៌មានក្លែងក្លាយទៅបង្ហោះវាយប្រហារមកលើអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលទៅជារឿងប្រជាពលរដ្ឋតរ៉ាទំនាស់ដីធ្លី ដោយចោទប្រកាន់ថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗគ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន» ទៅវិញ។
តាមការបញ្ជាក់របស់អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចំពោះព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន» គឺជាព័ត៌មានក្លែងក្លាយ។ 

យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង បានឲ្យដឹងថា «ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះសូមសាធាណរមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!»។

កូនស្រីរបស់ជនរងគ្រោះដែលស្លាប់ដោយសារអេស្កាវ៉ាទ័រកិនស្លាប់ បានបកស្រាយយ៉ាងដូច្នេះថា «ឪពុករបស់គាត់បានទៅជួលអេស្កាវ៉ាទ័រមកកាយស្តាស្រះទឹកក្នុងចំការកម្មសិទ្ធដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ដើម្បីស្តុបទឹកដើម្បីស្រោចស្របផលដំណាំក្នុងចំការ ប៉ុន្តែចៃដន្នអាក្រក់គ្រឿងចក្របានបរកិនគាត់ស្លាប់»។

កូនស្រីរបស់ជនរងគ្រោះបានបញ្ចាក់បន្ថែមថា «ជុំវិញហេតុការណ៍នោះមិនមែនជាទំនាស់ដីធ្លីរំលោភទន្ទ្រានយកដីរបស់រដ្ឋទេ ឬទំនាស់ជាមួយភាគីណាឡើយ គឺជាឧបទ្ទវហេតុចៃដន្នសុទ្ធសាតហើយអ្នកបើកបរបង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់ តែម្ចាស់គ្រឿងចក្រគាត់បានចូលរួមរំលែកទុក្ខបុណ្យសព្វតាំងពីថ្ងៃស្លាប់រហូតដល់បុណ្យ៧ថ្ងៃ និងបានសម្របសម្រួលដោះស្រាយគ្នាផងដែរ»៕