2024-02-14 09:02
271

ភ្នំពេញ៖ បុរសម្នាក់ដែលពាក់ព័ន្ធករណីនិពន្ធរឿងប្រឌិតចោទប្រកាន់នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានព្រះរាមសម្ងាត់ «ព្រួយ៧៧» ឆាតញ៉ែចង់ឆីអយស្ទរ័កំពុងល្បីល្បាញលើបណ្តាញសង្គមនោះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបក្ខពួកផ្សេងៗទៀត ក៏ប្រហែលមិនគេចខ្លួនរួចដែរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានបង្ហោរូបភាពមួយសន្លឹកអបដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកា ហើយក៏ជាជនស៊ីវិលដែរ!»
លោកឧត្តមសេនីយ៍ស្នងការ ក៏បានសរសេរបន្ថែមថា « ដូច្នេះសូមជម្រាបជូនអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ សាច់រឿងខាងលើ អាចនៅមានបន្តទៀត»។

ឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការរាជធានីភ្នំពេញ បានសរសេរបញ្ជាក់ថា «លោកសូមអរគុណគ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងសូមឲ្យប្រជាពលរដ្ឋ និងមហាជនចូលរួមគាំទ្របន្តជាមួយសមត្ថកិច្ចទៅមុខទៀត»។

សូមរំឮកថា កាលពីពេលកន្លងទៅថ្មីៗនេះ មានករណីនារីស្រស់ស្អាតម្នាក់ ដែលអះអាងថាខ្លួនមានឈ្មោះ ម៉ូលីកាបានបង្ហោះសារលើបណ្តាញសង្គមថា ដោយចោទប្រកាន់លើមន្ត្រីនគរបាលចរាចរណ៍ឈរជើងគោលដៅស្តុបក្តាន់ពីរចាប់ផាកពិន័យករណីរថយន្តផុតកំណត់ឆៀក ជាពិសេសសារឆ្លើយឆ្លងរវាងនាង និងនាយរងការិយាលល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញម្នាក់ ដែលមានព្រះនាមសម្ងាត់ «ព្រួយ៧៧» ព្យាយាមទំនាក់ទំនងចង់ឆីអយស្ទ័រធ្វើឲ្យរឿងរ៉ាវនេះផ្ទុះការចាប់អារម្មណ៍ និងល្បីល្បាញពេញបណ្តាញសង្គម។

ក្រោយពីផ្ទុះរឿងរ៉ាវខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការអំពាវឲ្យនារីមានឈ្មោះ ម៉ូ លីកា ឲ្យចូលខ្លួនមកស្នងការរាជធានី ជួបលោកផ្ទាល់ ដើម្បីសហការណ៍ និងដាក់ពាក្យបណ្ដឹងស្វែងរកយុត្តិធម៌ជូន ប៉ុន្តែស្រីស្អាតមិនបានចូលខ្លួនតាមការអញ្ជើញនោះទេ រហូតសមត្ថកិច្ចស្រាវជ្រាវឈានដល់កំណត់បានគណនី Telegram នោះមិនមែននារីឈ្មោះ ម៉ូលីកាទេ ជាគណនីក្លែងក្លាយបង្កើតរឿងមិនពិតបង្ខូចមូលបង្កាច់បុគ្គលក៏ដូចជាស្ថាប័នសមត្ថកិច្ចតែប៉ុណ្ណោះ។

ការប្រើប្រាស់ជំនាញ និងមានការសហការល្អពីអ្នកពាក់ព័ន្ធពេលនេះសមត្ថកិច្ចឃាត់ខ្លួនអ្នករៀបចំនិពន្ធរឿងបានម្នាក់ និងនៅមានអ្នកពាក់ព័ន្ធផ្សេងៗទៀតមិនអាចគេចខ្លួនផុតឡើយ៕