2023-10-10 08:25
389

(បាត់ដំបង)៖ លោក សុខ លូ អភិបាលអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានណែនាំទៅដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។

លោកបានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តាមការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែង ដែលទទួលផលចោរកម្មខុសច្បាប់ ជាហេតុធ្វើឲ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង និងត្រូវធ្វើការអប់រំណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឲ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឲ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ។

ដោយឡែក បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង។

ជាមួយគ្នានេះ លោក សុខ លូ បានណែនាំបន្ថែមចំពោះស្រុកជាប់ព្រំដែនប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឲ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញ ត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន។ យោងតាមបទបញ្ជារបស់លោកអភិសន្ដិបណ្ឌិត ស សុខា បានចេញបញ្ជាឲ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម៕