2023-11-28 03:11
372

(ភ្នំពេញ)៖     នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានអញ្ជើញចុះណែនាំផ្តាំផ្ញើ និងថ្លែងអំណរគុណដល់ក្រុមការងាររថយន្តគិលានសង្គ្រោះ ដែលបានជួយការពារ និងសង្គ្រោះអ្នកជំងឺ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីសាស្ដ្រាចារ្យ បានថ្លែងថា «ថ្ងៃនេះគឺជាថ្ងៃកាត់ព្រ័តចុងក្រោយបញ្ចប់ការប្រកួត នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
និងជាថ្ងៃប្រកាសលទ្ធផលប្រណាំងទូក ដែលពិតប្រាកដជាមានអ្នកមកលេងបុណ្យមានច្រើនអនេកហើយ ដូច្នេះសូមក្រុមការងារទាំងអស់នាំគ្នាពង្រឹងការងារសង្គ្រោះប្រជាពលរដ្ឋបន្ថែមទៀតនាថ្ងៃចុងក្រោយនេះក្នុងគោលបំណងចង់ពង្រឹងការងារលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង»។

ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «អស់រយៈពេល២ថ្ងៃកន្លងមកនេះ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋយើងបានចំនួន ៦,១៦៨នាក់ (ត្រឹមយប់ថ្ងៃទី២៧) ដែលនេះបញ្ជាក់ថា បងប្អូនយើងបានយកចិត្តទុកដាក់លើសុខភាពប្រជាជនខ្លាំងណាស់»។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដថា នៅសល់តែមួយថ្ងៃនេះទេ កម្មវិធីបុណ្យអុំទូកនឹងត្រូវបញ្ចប់ហើយ បងប្អូនក្រុមការងារដែលបានអញ្ជើញមកពីបណ្តាខេត្តក៏ដូចជាថ្នាក់ជាតិ និងរាជធានីភ្នំពេញ ដែលមកជួយរំលែកការងារគ្នាទៅវិញទៅមកដោយមិនត្អូញត្អែរ ជាពិសេសអ្នកមកពីខេត្តនឹងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារប្រពន្ធកូនជាទីស្រឡាញ់ដែលកំពុងរង់ចាំ។ ស្ថិតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រីបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានចូលរួមបេសកកម្មជួយសង្គ្រោះអ្នកជំងឺ ក្នុងព្រះរាជពិធីបុណ្យ អុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមជម្រាបថា ក្រសួងសុខាភិបាល បានរៀបចំបោះតង់សុខភាពចំនួន ១៥កន្លែង (នៅតាមទីតាំងផ្សេងៗគ្នា) ជាមួយក្រុមគ្រូពេទ្យប្រចាំការផ្តល់សេវាថែទាំសុខភាព និងសង្គ្រោះបឋម ២៤ម៉ោង។ នៅទីតាំងនីមួយៗបានបំពាក់ QR កូដ អាចស្កេនរកលេខទូរស័ព្ទទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យបានយ៉ាងស្រួល។

ក្រៅពីនេះមានរថយន្តគ្លីនិកចល័តចំនួន ៤គ្រឿង រថយន្តគិលានសង្គ្រោះចំនួន ៥០គ្រឿង បានប្រចាំការតាមគោលដៅក្នុងផែនការ តែជាក់ស្តែងគឺ ៥៤គ្រឿង ៣៦គ្រឿងបានប្រចាំការតាមគោលដៅតង់ និងដងផ្លូវសំខាន់ៗ១៨គ្រឿង មកតាមទូក បានកំពុងប្រចាំការនៅទីកន្លែងស្នាក់នៅរបស់កីឡាករប្រណាំងទូក រថយន្តគិលានសង្គ្រោះចំនួន ១៦គ្រឿង (បម្រុងក្នុងករណីចាំបាច់) នឹងចល័តទៅជួយ៕