2023-08-09 08:00
431

 

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅពិនិត្យ និងកាត់យកបំណែកដុំថ្មម្យ៉ាង ដែលប្រជាពលរដ្ឋរើសបាននៅឆ្នេជំទាវម៉ៅ ដែលកំពុងល្បីល្បាញថា “ជាកម្អូតត្រីបាឡែន” ដ៏កម្រ និងមានតម្លៃបំផុតនោះ ដើម្បីយកទៅពិសោធន៍ធ្វើតេស្ត DNA ឱ្យបានច្បាស់លាស។
   នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់ រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថា “ជាកម្អួតត្រីបាឡែន” ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 
   បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផល ដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថា “ជាកម្អួតត្រីបាឡែន” នោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាក ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។ 
   សូមបញ្ជាក់ថា បុរសមានឈ្មោះ ឡី ប្រុស អាយុជាង ៣៧ឆ្នាំ មុខរបរ លក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅកែងសេតេ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដើរលេងនៅតំបន់ឆ្នេសមុទ្រជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ បានប្រទះឃើញសត្វកំពុងហែកស៊ីរើសមកពិនិត្យ មើលទើបដឹងថា “ជាកម្អួតត្រីបាឡែន” ដែលមានតម្លៃបំផុតលើពិភពលោកដែលមានទម្ងន់ជិត ៣គីឡូក្រាម៕