ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ករណីហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីជនសង្ស័យខាងលើនេះបានយកដំបងឫស្សីវ៉ៃទៅលើបុរសម្នាក់បណ្ដាលអោយរងរបួស រួចបន្តវាយម៉ូតូជនរងគ្រោះបន្ថែមទៀតធ្វើឱ្យខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង៥០នាទី នៅចំណុចផ្លូវលេខ១២១០ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន គឹមលី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល រងរបួសក្បាលនិងដៃ ឆ្វេង ស្ដាំ។ ចំណែកជនសង្ស័យឈ្មោះ ឈៀង ស្រី ហៅ វុឌ្ឍី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន ធ្លាប់ជាប់ពន្ធនាគារចំនួន០១លើកពីបទបង្ករបួសដោយចេតនាជាប់រយៈពេល០៨ខែនៅពន្ធនាគារខេត្តកណ្ដាលក្នុងឆ្នាំ២០១៦)។
វត្ថុតាងចាប់យក: ដំបងឫស្សីចំនួន០១ដើម ប្រវែង០,៩៤ម៉ែត្រ មានជាប់ដែកគោលនៅខាងចុងនិងមានស្នាមប្រឡាក់ឈាម ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែជនសង្ស័យចេញមកស្ទាក់ម៉ូតូដោយក្នុងដៃមានកាន់ដំបងឫស្សី វាយទៅលើជនរងគ្រោះជាច្រើនដំបងបណ្ដាលអោយជនរងគ្រោះផ្ដួលម៉ូតូរត់គេចចេញយករួចខ្លួន។ បន្ទាប់មកជនសង្ស័យបានវាយម៉ូតូរបស់ជនរងគ្រោះបណ្ដាលអោយបែកខូចខាតផ្នែកខ្លះនៃម៉ូតូ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវចូលរួមដោយប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្តតាមនីតិវិធី៕