បន្ទាយមានជ័យ៖ ការចុះបង្ក្រាបម៉ូតូអត់បង់ពន្ធនាំចូលចូលនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតតាមផ្លូវមុខភោជនីយដ្ឋាន "ប៊ូ សោភ័ណ" ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យមហាជនផ្ទុះការរិះយ៉ាងខ្លាំង មិនទៅបង្ក្រាបទីតាំងស្តុប និងដាក់លក់ម៉ូតូពាសពេញក្រុង បែរមកចាប់ម៉ូតូពលរដ្ឋជិះទៅវិញ។
ក្រុមមន្ត្រីការិយាល័យស្រាវជ្រាវ បង្ក្រាបបទល្មើស នៃសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមាន ចល័តចាប់ម៉ូតូគ្មានពន្ធដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃបាន ចំនួន ១៣គ្រឿង។
មន្ត្រីសាខាគយ និងរដ្ឋាករ ផ្នែកស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសសាខាខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជាការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ប្រចាំផ្លូវ៥០ ក្រុងប៉ោយប៉ែត បានដាក់គោលដៅចល័តចាប់ម៉ូតូបាន ចំនួន ១៣គ្រឿង មានប្រភេទម៉ូតូ រួមមាន៖ ភីស៊ីអ៊ិច ,ស៊ូម័រអ៊ិច ,ក្លិច ,ស្កូពី ដែលជាម៉ូតូប្រជាពលរដ្ឋប្រើប្រាស់គ្មានពន្ធនាំចូល។
មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចាប់ម៉ូតូគ្មានពន្ធបាន ចំនួន ១៣គ្រឿង បានដឹកទៅរក្សាទុកនៅស្នាក់ការគយ និងរដ្ឋាករ ផ្លូវ៥០ ក្រុងប៉ោយប៉ែត ដើម្បីឲ្យម្ចាស់ជាអ្នកប្រើប្រាស់យកឯកសារមកបញ្ជាក់បើគ្មានពន្ធត្រូវបង់ពន្ធជូនរដ្ឋ ហើយមន្ត្រីគយនិងរដ្ឋាករ នៅតែបន្តអនុវត្តជាប្រចាំដែលត្រូវដាក់ចល័តស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសគេចពន្ធជាបន្តបន្ទាប់ទៀត។
ប្រជាពលរដ្ឋ បានលើកឡើងថា មន្ត្រីជំនាញដែលចាប់ម៉ូតូគ្មានពន្ធជាតួនាទីភារកិច្ចមន្ត្រីជំនាញដែលត្រូវប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែម៉ូតូទាំងនោះជាម៉ូតូប្រជាពលរដ្ឋទិញពីស្តង់លក់ម៉ូតូ នៅក្រុងប៉ោយប៉ែត មិនបានទៅទិញម៉ូតូនៅតាមបន្ទាត់ព្រំដែន ដោយខុសច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋគ្មានលុយទិញម៉ូតូមានពន្ធតំលៃថ្លៃទើបសុខចិត្តទិញម៉ូតូគ្មានពន្ធតម្លៃថោកតាមលទ្ធភាព ដើម្បីបានប្រើប្រាស់ប្រចាំថ្ងៃ។ ពលរដ្ឋនិយាយថា មន្ត្រីគយ និងរដ្ឋាករខេត្ត គួរតែនាំគ្នាទប់ស្កាត់ការនាំម៉ូតូនាំចូលពីប្រទេសជិតខាងតាមច្រកព្រំដែន និងបង្ក្រាបម៉ូតូគ្មានពន្ធតាមស្តង់លក់ម៉ូតូក្នុងខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ទើបត្រឹមត្រូវ និងសមហេតុសមផលជាង មិនគួរចាប់ពលរដ្ឋស្លូតត្រង់បែបនេះទេ។
បច្ចុប្បន្ន ម៉ូតូទាំង ១៣គ្រឿង ត្រូវបានក្រុមមន្ត្រីគយចល័តយកទៅរក្សាទុកនៅស្នាក់គយ និងរដ្ឋាករផ្លូវ៥០ ដើម្បីឲ្យពលរដ្ឋយកឯកសារផ្ទៀងផ្ទាត់ និងតម្រូវឲ្យបង់ពន្ធនាំចូលតាមច្បាប់កំណត់៕