សៀមរាប ៖រដ្ឋបាលខេត្តសៀបរាមរងៀបចំ គម្រោងបង្វែរចរន្តទឹកស្ទឹងស្រែង អាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៧៥ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា ។
នេះជាការបញ្ជាក់ពី លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ខណៈចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ ក្នុងខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពគម្រោង ក្នុងខេត្តឧត្តរមានជ័យ ។
សូមបញ្ជាក់ថា ៖. នាថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងមុនពេលចុះអនុវត្តការងារ (ជំហាន២) នៅគម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹក ដែលស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានមានប្រសាសន៍ថា គម្រោងបង្វែរចរន្តទឹកស្ទឹងស្រែងរួមមានទំហំការងារសំខាន់ៗ ដូចជា ១)គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទឹក ប្រវែង ៤៥០ម ២)សាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ប្រវែង១២០ម និង៣)សាងសង់សំណង់បេតុងបង្វែរទិសទឹក ប្រវែង ៨០ម។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៧៥ហិកតា និងរដូវប្រាំងចំនួន ១៣៥ ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារបានទទួលផលពីគម្រោងនេះ។
នៅថ្ងៃដដែល លោកប្រធាននាយកដ្ឋានវិស្វកម្មបានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង ស្ថិតនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានមានប្រសាសន៍ថា គម្រោងស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨០% ក្នុងនោះការងារស្តារឡើងវិញទំនប់អាងទឹកត្រពាំងវែង (បាក់ដាច់) ប្រវែង ៣០០ម៉ែត្រ សម្រេចបាន ១០០% រៀបថ្មជើងទេរទំនប់អាងទឹកត្រពាំងវែង ប្រវែង ១៣០០ម សម្រេចបាន ៨៥% និងការងារជួសជុលកន្ទុយសំណង់ទ្វារទឹកលើទំនប់អាងទឹកត្រពាំងវែង ១កន្លែង សម្រេចបាន ១៥%។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៣៧ ហិកតា និងរដូវប្រាំងចំនួន ១៥០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១៧៩គ្រួសារបានទទួលផលពីគម្រោងនេះ៕