នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអនុញ្ញាតជូនឯកឧត្តម ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាបាន និងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងសិង្ហបុរី ដែលមានរហូតមកដល់ពេលនេះ។
សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកការបញ្ជូនអត្តពលិក ចូលរួមនេះថាជាការឆ្លុះបញ្ចាំងឲ្យឃើញអំពី ការចូលរួមគាំទ្រចំពោះកម្ពុជាដែលកំពុងប្រារព្ធនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលកន្លងមកបានរៀបចំបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗដោយបានផ្តល់ឱកាសឱ្យមន្ត្រីអនុវត្តច្បាប់របស់កម្ពុជាបានចូលរួម។ សម្ដេច ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ផងដែរថាភាគីទាំងពីរកំពុងតែជជែកពិភាក្សាដើម្បីរៀបចំឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។
សម្ដេច បានបង្ហាញក្ដីសង្ឃឹមជឿជាក់ដែរថាការរៀបចំឲ្យមានឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរមានការធ្វើដំណើរទៅវិញទៅមកកាន់តែច្រើនឡើង មួយវិញទៀតនោះក៏សមស្របទៅនឹងកាលៈទេសៈនៃស្ថានភាពប្រែប្រួលនៃបទល្មើសឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណី។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានថ្លែងចូលរួមអបអរសាទរព្រះរាជាណាចក្រកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ឯកឧត្តម បង្ហាញការកត់សម្គាល់ថាប្រជាពលរដ្ឋកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះក្រុមអត្តពលិក មកពីក្រៅប្រទេស បន្ទាប់ពីឯកឧត្តម ផ្ទាល់បានទៅទស្សនកិច្ចនៅទីកន្លែងអត្តពលិកស្នាក់នៅ។
ឯកឧត្តម ក៏បានមើលឃើញការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ម្ហូបអាហារ និងកិច្ចការផ្សេងៗទៀត បានរៀបចំបានយ៉ាងល្អប្រសើរ ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អត្តពលិកផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។ ឯកឧត្ដមចាត់ទុកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះថាមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង និងពង្រឹងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។
សម្រាប់ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ឯកឧត្តម បានថ្លែងអំណរគុណសម្ដេចក្រឡាហោមចំពោះការជួយគាំទ្រកន្លងមកក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរបស់សិង្ហបុរី ហើយឯកឧត្តមក៏ឯកភាពចំពោះការលើកឡើងរបស់សម្ដេចអំពីការកើនឡើងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលសមស្របក្នុងការបង្កើតឲ្យមានក្របខណ្ឌនៃឯកសារសហប្រតិបត្តិការដើម្បី ថែរក្សាការពារនូវសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដូចទៅនឹងអ្វីដែលសម្ដេចក្រឡាហោម បានលើកឡើងគឺរួមគ្នាដោះស្រាយនូវបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ឯកឧត្ដមចំពោះកម្ពុជាក្នុងការប្រារឰព្រឹត្ដិការណ៍កីឡាស៊ីហ្គេម។ សម្តេចក៏បានជម្រាបជូនថានេះគឺជាលើកទីមួយក្នុងរយៈពេលជាង៦០ឆ្នាំ ដែលកម្ពុជាទន្ទឹងរង់ចាំឱកាសរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ សម្ដេច ក៏បានថ្លែងអំណរគុណសិង្ហបុរីក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលបានចូលរួមគាំទ្រដល់ការបំពេញតួនាទីជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។
ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម និងឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌតំបន់ តាមរយៈអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិសំដៅទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម៕