2023-06-08 04:06
385


ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវនិងឃាត់ខ្លួន ក្រោយពួកគេធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ ស៊េរីឆ្នាំ២០២១។


   យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៣នេះថា ម្ចាស់ម៉ូតូមានឈ្មោះ ផាន សុភា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
   សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម ជំហានដំបូងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជូ ប៊ុនធឿន ហៅ (ក្រិត)ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដកហូតម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហមខ្មៅ (ចាស់) គ្មានស្លាកលេខ ដែលបានជិះធ្វើសកម្មភាពចំនួន០១គ្រឿង ។
   លុះមកដល់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្តចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបក្សពួកបានចំនួន០៣នាក់បន្ថែមទៀតនៅចំណុចស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យ ទី១-ឈ្មោះ ជា ខេន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ,  ទី២-ឈ្មោះ បឿន លាង ហៅ តុង  ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣-ឈ្មោះ រស់ ស្រីណែត ភេទស្រី អាយុ ១៦ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដកហូតម៉ូតូជិះធ្វើសកម្មភាពបានចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបន្ទាយមានជ័យ 1H-9331  និងបន្តធ្វើការស្រាវជ្រាវ ដកហូតវត្ថុតាងម៉ូតូរបស់ជនរងគ្រោះដែលបាត់ម៉ាកហុងដាឃ្លីក ពណ៌សខ្មៅ ស៊េរីឆ្នាំ២០២១ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូនផងដែរ ។
   តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពនាំគ្នាជិះម៉ូតូទៅលួចយកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ខ្មៅ នៅចំណុចខាងលើពិតប្រាកដមែនខណៈជនរងគ្រោះកំពុងទុកនៅមុខផ្ទះមិត្តភក្តិរបស់គេ។
  បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕