2024-10-21 10:10
103

(កំពត)៖ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤នេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងនិងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្ររងទាំងអស់ សូមយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ខ្លួន ប្រជាពលរដ្ឋ និងសង្គមជាតិផង ពិសេសត្រូវធ្វើខ្លួនជាធនធានជាតិ មានមនសិការខ្ពស់ក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពតនៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីមន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ បានមានប្រសាសន៍ថា ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមនៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ហើយមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  កូនក្មួយយុវជនជំនាន់ក្រោយទទួលបាននូវការបណ្តុះបណ្តាលចំណេះជំនាញ ចាប់តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា។

សាលារៀនត្រូវបានសាងសង់ឡើងនៅគ្រប់តំបន់ មិនថាតំបន់ដាច់ស្រយាលយ៉ាងណានោះទេ គឺធ្វើយ៉ាងណាដើម្បីពង្រឹងការងារបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យមានគុណភាព និងគុណវុឌ្ឍិ  ជាសរសរស្តមក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យបានល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានលើកឡើងដែរថា ប្អូនៗកូនក្មួយជាបញ្ញវន្តទាំងអស់បានបញ្ចប់ការសិក្សាថ្នាក់ឧត្តម ហើយទទួលបានសញ្ញាបត្រនាពេលនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានស្នើដល់បញ្ញវន្តដែលទទួលបានចំណេះដឹង សូមយកចំណេះដឹងទាំងនោះ ទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ខ្លួន  ប្រជាពលរដ្ឋ និងសង្គមជាតិផង ដោយត្រូវធ្វើខ្លួនជាធនធានជាតិ និងមានមនសិការជាតិខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សបន្តទៅមុខទៀត។ 

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរខេមរា ឯកឧត្តមបណ្ឌិត នូ ចាន់សុភី បានឱ្យដឹងថា សាកលវិទ្យាល័យអង្គរខេមរា(ខេត្តកំពត) មាននិស្សិតសិក្សា១៦ជំនាន់ សរុបចំនួន ៣ ៩៦០នាក់ ស្រី២ ១៥៣នាក់។ 

ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៤នាក់ ស្រី ២នាក់ បរិញ្ញាបត្រចំនួន ៣ ៧៨៨នាក់ ស្រី ២០៦០នាក់ និងបរិញ្ញាបត្ររងចំនួន១៣៨នាក់ ស្រី ៩១នាក់។

បច្ចុប្បន្នសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពត មាននិស្សិតកំពុងសិក្សាសរុបចំនួន ១ ០២៨នាក់ ស្រី ៦៨៩នាក់ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩នាក់  បរិញ្ញាបត្រចំនួន ៩៨០នាក់ ស្រី ៦៦៧នាក់ និងបរិញ្ញាបត្ររងចំនួន ៣៩នាក់ ស្រី ២២នាក់ ហើយពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនាពេលនេះ មាននិស្សិតសរុបចំនួន ២៥០នាក់ ស្រី១៧៩នាក់៕