2023-09-25 04:09
295

(ភ្នំពេញ)៖នេះបើតាមការបញ្ជាក់របស់ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពីលទ្ធផលនៃបេសកកម្មរបស់ សម្តេចធិបតី នៅអង្គការសហប្រជាជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរដាច់ខាតប្រាប់ទៅអង្គការសហប្រជាជាតិថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីខ្លួនទេ ហើយបរទេសគួរបញ្ឈប់ការចោទប្រកាន់រឿងនេះតទៅទៀតចាប់ពីពេលនេះតទៅ។

នៅលើវេទិកា នៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ សម្តេចធិបតី បានឡើងថ្លែងសុន្ទរកថា ដោយប្រកាសអំពីអព្យាក្រឹតភាពកម្ពុជា ដោយមានសារចំនួន៣សំខាន់ៗ។ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្តរំលឹកសារទាំង៣របស់សម្តេចធិបិតី ដែលរួមមាន៖
* ទី១៖ កម្ពុជាក៏ដូចជាពិភពលោកដែរ លើកកម្ពស់ និងតម្កល់ផលប្រយោជន៍ជាតិកម្ពុជាជាធំ
* ទី២៖ កម្ពុជាពង្រឹងមិត្តភាពដែលមានស្រាប់ និងពង្រីកមិត្តភាពបន្ថែម បើកដៃបើកបេះដូងទៅរកមិត្តភាពថ្មី
* និងទី៣៖ ជាសារសំខាន់បំផុត គឺកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា នៅលើទឹកដីកម្ពុជាទេតាមការចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបញ្ជាក់ថា៖ «ជារួម បើវិលមករកករណីហ្នឹង បានន័យថា រឿងរ៉ាវជុំវិញមូលដ្ឋានយោធារាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ពេលនេះគួរតែបញ្ចប់ ត្រូវតែចប់ ពីព្រោះនេះជាលើកទីមួយបង្អស់ នៅលើវេទិកានៃមហារអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ប្រកាសយ៉ាងចំហរទៅកាន់ពិភពលោក ដោយយកពិភពលោកជាកសិណសាក្សី»។

អតីតប្រធានវិទ្យុបារាំងផ្នែកខេមរភាសា លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ បានបញ្ជាក់បន្ថែមថា រឿងមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជា នឹងមិនបានអាចកើតឡើងទេ ហើយមួយទៀត គឺកម្ពុជាក៏មិនអនុញ្ញាតឱ្យមានទ័ពឬក៏ក្រុមបរទេសណាមួយលើទឹកដីកម្ពុជា ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងរដ្ឋអំណាចណាមួយដែរ៕