2024-10-25 11:10
18

ក្រសួងសុខាភិបាល៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

នៅក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជ រដ្ឋាភិបាល ជាមួយក្រសួងមុខងារសាធារណៈ។ 

ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា “ការផ្តួចផ្តើមរៀបចំសិក្ខាសាលានាពេលនេះ ជាការគិតគូរយ៉ាងសមស្របក្នុងការទទួលព័ត៌មាន ការពិភាក្សាផ្លាស់ប្តូរយោបល់ និងទទួលការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងការសហការគ្នាលើការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្រសួងសុខាភិបាល ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ 

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា “ដើម្បីចូលរួមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល តាមរយៈការសហការការងារយ៉ាងជិតស្និតជាមួយក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល បានបង្កើតក្រុមការងារចំនួន៣រួមមាន៖ (១)ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ (២)ក្រុមការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសុខាភិបាល និង (៣)ក្រុមការងារការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីសុខាភិបាល”។

សូមជម្រាបថាសិក្ខាសាលានេះ រៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមមាន៖         (១) ការបង្ហាញវឌ្ឍនភាពការងារបឋមនៃការ   ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់និងពង្រឹងអភិបាលកិច្ចដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ៕