2024-05-27 21:02
215

កំពង់ស្ពឺ៖ ក្រុមមុខសញ្ញាជួញដូរគ្រឿងញៀន និងចោរកម្មដ៏សកម្ម ចំនួន១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស៊ើបអង្កេត និងស្រាវជ្រាវឈានដល់ការបង្ក្រាបរឹបអូសវត្ថុតាងគ្រឿងញៀនជាង កន្លះគីឡូក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រភពបានឱ្យដឹងថា មន្ត្រីជំនាញបានធ្វើការស៊ើបអង្កេតកំណត់បានមុខសញ្ញា ជាជនសង្ស័យយ៉ាងច្បាស់ និងស្នើសុំគោលការណ៍ពីថ្នាក់លើចុះបង្ក្រាប នៅវេលាម៉ោងត ៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ចំនួនពីរគោលដៅផ្សេងៗគ្នា។
   គោលទីតាំងទី១ ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រកឃើញម្សៅពណ៌ស ជាសារធាតុញៀន (K) មួយកញ្ចប់ធំ ទម្ងន់ ៥៦៣,៧៤ក្រាម, ម៉ូតូ ចំនួន ០៤គ្រឿង ក្នុងនោះ មានម៉ូតូ ចំនួន ០៣គ្រឿង គ្មានស្លាកលេខ ស្លាកលេខមួយសន្លឹក រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត ដែលបានដោះបំបែកបំបាត់ដាន ដោយឃាត់មនុស្ស ចំនួន ០៦នាក់ ស្រី ០២នាក់។
គោលដៅទីតាំងទី២ ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រកឃើញម្សៅពណ៌ស ជាសារធាតុញៀនម៉ាទឹកកក ១០កញ្ចប់ ទម្ងន់៤៥,៥៦ក្រាម ម៉ូតូចំនួន ០១គ្រឿង គ្មានស្លាកលេខ រួមជាមួយសម្ភារៈជាបំនែកម៉ូតូជាច្រើនទៀត រួមជាមួយឧបករណ៌កាច់សោរកម៉ូតូប្រដាប់ផ្សារផ្តាច់ និងសម្ភារៈជាច្រើនទៀត ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់។

  ចំពោះប្រតិបត្តិការខាងលើនេះ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន ផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន និងទីតាំងកែច្នៃម៉ូតូទទួលផលចោរកម្មទាំងពីគោលដៅតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងបន្តការស្រាវជ្រាវបន្ថែមទៀត៕