ភ្នំពេញៈ សង្ឃពីរអង្គ ខណៈកំពុងលួចឆាន់ស្រា ក្លែមសាច់គោអាំង ក្នុងកុដ ត្រូវបានព្រះសង្ឃគង់ក្នុងវត្ត តាមទាន់ក៏ទូងស្គរ ប្រកូកប្រកាសផ្អើលដល់ញាតិញោមពុទ្ធបរិស័ទរួចរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលភ្លាមៗតែម្តង។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចកុដគ្មានលេខ ក្នុងបរិវេណវត្តអង្គពោធិញាណ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធទៅនិងករណីនេះព្រះសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះលេខាធិការអនុគណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការវត្តអង្គពោធិញាណ បានមានសង្ឃដីកាថា លោកនេនទាំងពីរអង្គនេះ ទើបមកគង់នៅវត្តបានមួយរយៈពេលខ្លីពោលគឺមុនចូលវស្សាប៉ុណ្ណោះ ដោយពេលបួសដំបូង នៅវត្តផ្សេង ហើយបានសុំមកគង់នៅវត្តពោធិញាណ ដើម្បីបានបន្តការសិក្សារៀនសូត្រ ដូចព្រះសង្ឃផ្សេងទៀតផងដែរ ។លុះនៅយប់កេីតហេតុ ស្រាប់តែមានរឿងរ៉ាវបែបនេះកើតឡើងតែម្តង ។
ព្រះគ្រូចៅអធិការបានមានសង្ឃដីការបន្តឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុព្រះអង្គបាននិមន្តសង្ឃទាំងពីរអង្គខាងលើនេះ មកសាកសួរដោយមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ ចៅសង្កាត់រង សមត្ថកិច្ចកងរាជអាវុធហត្ថ សមត្ថកិច្ចនគរបាល ហើយលោកនេនទាំងពីរអង្គ នេះបានឆ្លើយសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដោយបានប្រាប់ថា មុនពេលកើតហេតុបានប្រើក្មេងទៅទិញស្រានិងសាច់ បន្ទាប់មកក៏បាននាំគ្នាឆាន់នៅក្នុងកុដ ពិតប្រាកដមែន។
យ៉ាងណាមិញ ដោយយល់ឃើញថាបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា ព្រះសង្ឍទាំងពីរអង្គខាងលើនេះក៏បានយល់ព្រម លាចាកសិក្ខាបទ ដោយខ្លួនឯង រួច ព្រះចៅអធិការវត្តក៏បានប្រគល់ឲ្យខាងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីនាំយកទៅធ្វើការអប់រំបន្តផងដែរ ។
ជាចុងក្រោយ ព្រះគ្រូចៅអធិការវត្ត ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោម ពុទ្ធបរិស័ទ ទាំងអស់សូមកុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ ព្រោះថា នេះគឺជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ ៕