2024-11-11 08:55
61

មណ្ឌលគិរី៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចម្ការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ជូនជ្រាបថាក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផងជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថានគឺត្រូវនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វព្រៃការពារនិងសួនភូតគាម ”ភ្នំតាម៉ៅ”។ 

ក្រុមការងារឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម ”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA ប្រមាណជិត៣០នាក់បានបើកប្រតិបត្តិការជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) និងដឹកជញ្ជូននាំកូនដំរីនេះមកដល់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម "ភ្នំតាម៉ៅ" ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទីរសៀល។ 

បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម  “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕