តាកែវ៖ ជនសង្ស័យចំនួន ០២នាក់ ដែលបានធ្វើសកម្មភាពដេញវាយ និងកាប់ជនរងគ្រោះម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ពេលនេះត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកត្រាំកក់ សហការជាមួយស្នងការនគរបាលខេត្តកំពត ស្រាវជា្រវឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលស្រុកបាទី បានឱ្យដឹងថា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងបញ្ជាដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុក សហការជាមួយ នឹងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំណត់មុខសញ្ញាស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោល។
ប្រភពបានបន្តទៀតថា ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ណុង សំភាស់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និងទី២- ឈ្មោះ ហ៊ាន មុន្នីវឌ្ឍន៍ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ប្រមាណ ១៤និង៣៣ ចំណុចផ្លូវលំគ្រួសក្រហម ស្ថិតក្នុងភូមិឬស្សីមួយគុម្ព ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យជនរងគ្រោះឈ្មោះ និត សារ៉ាន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិពករុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
នគរបាលបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ បាញ់ថ្នាំពណ៌ស ឡើងស៊េរីឆ្នាំ២០២២ កាំបន្ទះពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HT-1178 និងទូរសព្ទដៃ ០១គ្រឿង ចំណែកបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុះរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕