2024-01-14 04:01
353

(កំពត) ៖  នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ នេះទីតាំសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អន្លង់ធំមួយកន្លែងនេះគឺជាតំបន់គោដៅទេសចរណ៍មួយគួឱ្យទាក់ទាញជាកន្លែងមួយដែលភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិអាចទៅបោះតង់ ជិះទោង ងូតទឹកលេង និងទទួលទានអាហារសមុទ្រធម្មជាតិស្រស់ៗនៅក្នុងកញ្ចុះក្រោមម្លប់ឈើ មានខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យអ្នកទេសចរមានភាពរីករាយអារម្មណ៍ដែលស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
   នាពេលថ្មីៗនេះ អ្នកស្រី ស្វាយ ថុល តំណាងសមគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អន្លង់ធំនៅសង្កាត់ព្រែកត្នោត បានប្រាប់ឱ្យដឹងថា ចាប់តាំងពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានគ្រប់គ្រងឱ្យមានភាពល្អប្រសើរឡើងវិញនោះឃើញថាមាន ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានចាប់ផ្តើមធ្វើដំណើរវិលមកលេងលម្ហែនៅតំបន់ទឹកធ្លាក់អន្លង់ធំវិញជាហូរហែផងដែ។
   អ្នកស្រី ខឹម តុញ ជាភ្ញៀវទេសចរណ៍នៅក្នុងខេត្តកំពតបានមកលេងកម្សាន្តនៅក្នុងសហគមន៍តំបន់ទឹកធ្លាក់អន្លង់ធំបានប្រាប់ឲ្យដឹងថាមានភ្ញៀវទេសចរភាគច្រើនដែលទៅលេងកម្សាន្តនៅទីនោះ ដោយសារតំបន់ការពារធម្មជាតិទឹកធ្លាក់អន្លង់ធំនេះ មានសក្តានុពលច្រើន ដូចជា មានស្ពាន ខ្ចុះ ទោងសម្រាប់អង្គុយលេង និងថតរូបអនុស្សាវរីយ៍ ទឹកធ្លាក់ និងទឹកអន្លង់ ដែលអាចឱ្យទេសចរងូតលេងកម្សាន្តបានហើយចូលចិត្តទៅលេងនៅទីនេះណាស់ ដោយសារតែមានទេសភាពធម្មជាតិស្រស់ស្អាតពិតៗអ្នកស្រីបានបន្តថាបរិយាកាសប្រកបដោយមានផាសុខភាព មានសភាពស្ងប់ស្ងាត់ និងមានធម្មជាតិដែលហូរធ្លាក់មកពីតំបន់ភ្នំបូគគោត្រជាក់គួរឱ្យចង់ងូតលេងកម្សាន្ត ហើយចំពោះចំណីអាហារនៅតំបន់នេះមានរស់ជាតិឆ្ងាញ់និងមានគ្រឿងសមុទ្រស្រស់ៗលើកមកថ្មីៗពីប្រជានេសាទដែលនៅក្នុងសង្កាត់ព្រែកត្នោតផ្ទាល់តែម្ដង រីឯតម្លៃវិញក៏សមរម្យសម្រាប់ភ្ញៀវមកលេងផងដែរ។
    រឺឯចំណែកអាជីវករដែលលក់ចំណីអាហារ សោភាអន្លង់ធំបានឱ្យដឹងដែរថា សម្រាប់សហគមន៍ទឹកធ្លាក់អន្លង់ធំ ភ្ញៀវទេសចរណ៍នៅតែមានអ្នកមកលេងលម្ហែកម្សាន្តអារម្មណ៍ជាហូរហែ តែមិនសូវច្រើនដូចពីមុនពេលមានជំងឺកូវីដ-១៩នោះទេ ដោយសារមានបញ្ហាសេដ្ឋកិច្ចសកលចំពោះការការលក់ដូររបស់អ្នកស្រី បានបន្តដំណើរការជាធម្មតា បានចាប់បើកលក់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។
   អ្នកស្រីក៏បានស្នើឱ្យមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជួយកែច្នៃតំបន់នេះឱ្យមានភាពទាក់ទាញបន្ថែមទៀត ដើម្បីឱ្យកំណើននៃភ្ញៀវទេសចរមានការកើនឡើង ហើយអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

   ជាមួយគ្នានេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងដែរថា នាពេលថ្មីៗនេះសហគមន៍តំបន់ទឹកធ្លាក់អន្លង់ធំ គឺជាតំបន់ដែលមានសក្តានុពលមួយបានបម្រើឱ្យវិស័យទេសចរណ៍។
   មុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩ តំបន់ទឹកធ្លាក់អន្លង់ធំនេះ មានភ្ញៀវទេសចរណ៍បានទៅលេងកម្សាន្តជាច្រើន ប៉ុន្តែនាបច្ចុប្បន្នទោះជាសេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិសកលយ៉ាងណាក្តី ក៏ភ្ញៀវនៅតែបន្តទៅលេងកម្សាន្តជាហូរហែ។
   ក្នុងនាមមន្ទីរជំនាញ នៅតែបន្តជួយគាំទ្ររាល់ការរៀបចំតំបន់ការពារធម្មជាតិមួយនេះ ឱ្យទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញមួយទៀតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ក្នុងពេលបច្ចុប្បន្នតំបន់ទឹកធ្លាក់អន្លង់ធំឱ្យឱ្យប្រែក្លាយទៅជាតំបន់ធម្មជាតិទៅថ្ងៃអនាគតខាងមុខ។(សឹង រ៉ាត់)