2023-10-20 01:10
643

កំពត៖ មាតាបិតាសិស្សានុសិស្ស សាលាបឋមសិក្សា «កំពង់ត្រាច» បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពកូនចៅរបស់ពួកគាត់ ដោយបរិស្ថានជុំវិញសាលពោពេញដោយស្មៅដុះទ្រុបទ្រុលក្លាយទៅជាសម្បុកមូលក្លា ប៉ុន្តែគណៈគ្រប់គ្រងសាលាហាក់មិនអើពើសម្អាតទាល់តែសោះ។ 

អាណាព្យាបាលសិស្សបានលើកឡើងថា កូនចៅរបស់ពួកគាត់ដែលកំពុងមកសិក្សា នៅសាលាបឋមសិក្សា «កំពង់ត្រាច» បានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា សាលាបឋមសិក្សា កំពង់ត្រាច ស្ថិតនៅភូមិកំពង់ត្រាច ឃុំកំពង់ ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានព្រៃដុះនៅខាងក្រោយសាលា និងស្មៅដុះនៅពីមុខសាលារៀន ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកូនៗរបស់គាត់ដែលមកសិក្សានៅសាលារៀនមួយនេះ។ 

ប្រភពបានបន្តទៀតថា បើអ្នកគ្រប់គ្រងសាលាមិនយកចិត្តទុកដាក់ធ្វើពលកម្ម សំអាតបរិស្ថាន ធ្វើឲ្យទីធ្លាសាលា មានភាពកខ្វក់ប៉ះពាល់ដល់សិក្សានុសិស្សកំពុងតែសិក្សាជាពិសេសសត្វមួសខ្លា នៅក្នុងព្រៃ និងស្មៅខាំកូនរបស់ពួកគាត់។ 

លោក រដ្ឋ សម្បត្តិ ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកកំពង់ត្រាច បានប្រាប់អ្នកយក ព័ត៌មានថា «សាលារៀនរបស់គាត់ស្អាតណាស់មិនមានស្មៅ ឬដើមឈើដុះនោះទេ សូមលោកកុំជឿអ្នករាយការណ៍ឲ្យសោះសូមអញ្ជើញចុះមកពិនិត្យមើលផង»។ 

នាយកសាលាបឋមសិក្សា «កំពង់ត្រាច» លោកមៀច វ៉ាត បានប្រាប់បណ្ដាញយកព័ត៌មានថា៖ បញ្ហាស្មៅដុះ និងព្រៃដុះ នៅក្នុងរបងសាលារៀននោះ លោកកំពុងតែធ្វើការងារហ្នឹងហើយក៏បានជួលគេមកកាត់ស្មៅនៅក្នុងសាលារៀន ក្នុងមួយឆ្នាំ ៤ដង។ លោកនាយកសាលា បានបន្តទៀតថា៖ បញ្ហាស្មៅដុះ និងព្រៃដុះនៅក្នុងរបងសាលានេះ លោកបានរាយការណ៍ទៅអាជ្ញាធរភូមិឃុំ និងខាងសហគមន៍ហើយ ព្រោះសាលារបស់លោកមានសិស្សតូចៗមិនអាចកាន់ចបបង្គីបាននោះឡើយ។ 

ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋក៏ដូចជា «មាតាបិតាសិស្សានុសិស្សទៅនាំគ្នានិយាយរិះគន់ថាគ្រូបង្រៀននៅសាលាបឋមសិក្សាកំពង់ត្រាចនេះ ធ្វើតែខ្លួនឲ្យស្អាតសមជាគ្រូបង្រៀន ប៉ុន្តែមការគ្រប់គ្រងមិនបានល្អ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍កាលពីថ្មីៗនេះ ក្នុងទិវាគ្រូបង្រៀនឲ្យគណៈគ្រប់គ្រងសាលាត្រូវចេះរួមសាមគ្គីសម្អាតបរិស្ថានជុំវិញសាលា ដើម្បី បរិយាកាសល្អ គ្រូចង់មកបង្រៀន សិស្សចង់មករៀន ព្រោះកិច្ចការងារនេះ គឺអាចធ្វើបានដោយមិនចាំបាច់មានគម្រោងពីថ្នាក់លើទេ៕