2023-08-29 16:09
1241

ពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ 

ជាងសំណង់ពីរនាក់ កំពុងសាងសង់ផ្ទះជូនម្ចាស់ទីតាំង ស្រាប់តែត្រូវជញ្ជាំងដែលបានរៀបរួចហើយបាក់រលំសង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់។ 

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសពីរនាក់ ជាជាងសំណង់ បានមកធ្វើការសាងសង់ផ្ទះ ឲ្យម្ចាស់ទីតាំងស្ថិតក្នុងភូមិ-ឃុំខាងលើ ដោយពេលកំពុងសាងសង់បុរសជាជាងម្នាក់ បានផ្អែកនឹងជញ្ជាំងដែលបានរៀបរួច ខណៈនោះជញ្ជាំងនោះ ស្រាប់តែបាក់រលំសង្កត់ជាងសំណង់ទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
 
លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បុរសជាជាងសំណង់ទាំងពីរនាក់ រួមមាន៖ ទី១- ឈ្មោះ លី សុខនេន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ និងទី២- ឈ្មោះ វង់ ថុល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 

បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ច បានជួយ សង្គ្រោះរួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕