2023-12-18 05:12
575

ភ្នំពេញ៖ ក្រោយពីព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប ឱ្យបញ្ចប់តួនាទី ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកផ្កាយ៣ កឹម ជាតិ អនុប្រធានក្រុមការងារ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ មិនទាន់រួចខ្លួននោះទេ ខណៈពេលនេះ នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាជាតិ បានចេញលិខិតកោះហៅឱ្យខ្លួនបំភ្លឺ ជុំវិញបណ្តឹងរបស់ ក្រុមហ៊ុន «ឈីវ ទីម៉ិច គ្រុម» ពាក់ព័ន្ធព័ន្ធយកស្រា ចំនួន ៤៨ដប និងលុយ ១០ម៉ឺនដុល្លារ ជាថ្នូរមិនបិទឃ្លាំងស្តុបស្រា ក្នុងអំឡុងពេលចុះប្រតិបត្តិការឆែកឆរ និងត្រួតពិនិត្យឃ្លាំងស្តុបស្រាមួយកន្លែង។

យោងតាមលិខិតកោះហៅលេខៈ ៣៩០៤ ល.ក.ហ. (លើកទី១) របស់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលអង្គភាព MSJ TV ទទួលបាននៅថ្ងៃច័ន្ធ បានឱ្យដឹងថា លោក កឹម ជាតិ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩E0 ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ កោះហៅឱ្យចូលខ្លួនមកនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ «ដើម្បីមកបំភ្លឺករណីបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុម» ទីកន្លែងអគ្គស្នងការដ្ឋាននគរបាលជាតិ (បន្ទប់លេខ២៨)។

សូមជម្រាបថា លោកផ្កាយ៣ កឹម ជាតិ ជាអតីតអនុរដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលទើបបញ្ចប់តួនាទីថ្មីៗនេះ តាមរយៈព្រះរាជក្រឹត្យ ស/រកត/១២២៣/២៦០១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រោយពីបែកធ្លាយរឿងពុករលួយពេលបំពេញតួនាទីភារកិច្ច ហើយត្រូវបានក្រុមហ៊ុនស្រាមួយ ប្តឹងទៅកាន់ឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីទាមទាយកស្រា ចំនួន ៤៨ដប និងប្រាក់ចំនួន ១០ម៉ឺនដុល្លារមកវិញ។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លោកមេធាវី អ៊ូច សុភត្រា តំណាងឲ្យក្រុមហ៊ុន «ឈីវ ទីម៉ិច គ្រុម» បានប្តឹងក្រុមការងាររបស់ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ទៅកាន់អគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ ទាមទាមឱ្យលោក កឹម ជាតិ ប្រគល់ស្រាចំនួន ៤៨ ដប ដែលក្រុមការងារបានដកហូតព្រមទាំងស្នើសុំឱ្យប្រគល់ប្រាក់ ចំនួន ១០ម៉ឺនដុល្លារ ឱ្យកូនក្តីរបស់ខ្លួនវិញ ដែលបានយកក្នុងអំឡុងពេលចុះប្រតិបត្តិការចុះឆែកឃ្លាំងស្តុបទំនិញមួយកន្លែង និងស្នើសុំឲ្យមានចំណាត់តាមផ្លូវច្បាប់ផងដែរ។

ក្នុងបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប បានស្នើសុំឱ្យ ឯកឧត្តអគ្គាធិការមានវិធានការផ្លូវច្បាប់ ចំពោះ ឯកឧត្តម កឹម ជាតិ ដែលបានប្រព្រឹត្តកំហុស ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅតែម្តង។

ក្នុងករណីបណ្តឹងខាងលើនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ធ្លាប់បានបញ្ជាក់ថាៈ «ករណីពាក្យប្ដឹងលើលោក កឹម ជាតិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ឋៃ ជាអនុប្រធានក្រុមការងារ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ពីសំណាក់មេធាវីតំណាងឱ្យ ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ប្តឹងទាមយកស្រា ចំនួន ៤៨ដប និងលុយ ១០ម៉ឺនដុល្លារមកវិញ គឺពាក់ព័ន្ធរឿងព្រហ្មទណ្ឌច្រើន ហើយសំណុំរឿងនេះ ត្រូវបានឯកឧត្តម សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារបញ្ជូនទៅឱ្យអគ្គស្នងការនគរបាលជាតិ ធ្វើស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរួចរាល់រងចាំតែលទ្ធផលប៉ុណ្ណោះ»។

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់បន្ថែមទៀតថា «អញ្ចឹងសំណុំរឿងនេះ អគ្គស្នងការនគរបាលជាតិ កំពុងស្ថិតក្នុងដៃអគ្គស្នងការនគរបាលជាតិ ក្នុងការបំពេញនិតិវិធី បែបបទស្របតាមនិតិវិធីព្រហ្មទណ្ឌ និងច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែលទ្ធផលអត់ទាន់អាចនិយាយបាននោះទេ ព្រោះការស៊ើបអង្កេតបន្តនិវិធីត្រូវការពេលវេលា ប្រមូលភស្តុតាង សាក្សីឲ្យបានល្អិតល្អន់រួចទើបធ្វើរបាយសំយោគគោរពរាយការណ៍ជួនមក ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេច ព្រមទាំងមានចំណាត់ការបន្តបន្ទាប់ទៀត»។

មហាជនរងចាំមើលថា តើលោកផ្កាយ៣ កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលទើបតែបញ្ចប់មុខតំណែងកាលពីពេលថ្មីៗនេះ ចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងកការនគរបាលជាតិ ពាក់ព័ន្ធបណ្តឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច ដែរឬយ៉ាងណា? ព្រោះរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋសភា គឺដល់ពេលវះកាត់សាច់ស្អុចបោះចោលជាបណ្តើៗ៕