(ភ្នំពេញ)៖ ខណៈដែលជំនន់កំពុងវាយប្រហារ នៅតាមខេត្តមួយចំនួន ក្រុមការងារក្រសួងកសិកម្ម បាននិងកំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ ដើម្បីត្រៀមស្បៀង និងពូជ សម្រាប់ចែកជូនប្រជាជន និងកសិករដែលជួបគ្រោះធម្មជាតិ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់បណ្តាញព័តមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះថា ក្រុមការងារក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មន្ទីរ កំពុងបន្តតាមដានបញ្ហាទឹកជំនន់ និងផលប៉ះពាល់លើដំណាំស្រូវ ដើម្បីកំណត់ពីវិសាលភាពអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករដែលដំណាំស្រូវរងការខូចខាត ដោយសារទឹកជំនន់។
កញ្ញាបន្តថា បច្ចុប្បន្ននេះ ក្រសួងពុំទាន់អាចវាយតម្លៃពីផលប៉ះពាល់បាននៅឡើយទេ ដោយសារតែទឹកពុំទាន់ស្រកអស់។ ក្រុមការងារក្រសួងនឹងអាចវាយតម្លៃបានច្បាស់លាស់ ពីផលប៉ះពាល់ និងការខូតខាតជាក់ស្តែង ក្រោយពេលដែលទឹកស្រកអស់ ដើម្បីកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការអន្តរាគមន៍ណាមួយក្នុងករណីចាំបាច់។
កញ្ញាបន្ថែមថា «យើងមានប្រព័ន្ធស្បៀងបំរុងសម្រាប់ផ្ដល់ជូន តែការផ្ដល់ជូនក្នុងកម្រិតណា ចំនួនប៉ុន្មាន ត្រូវរង់ចាំការវាយតម្លៃសិន»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត យ៉ង សាំងកុមារ និងប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានទៅត្រួតពិនិត្យលើការប្រមូលផល ការសម្ងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុង នៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅ ដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ។
លោកបានមានប្រសាសន៍ថា «នៅទូទាំងប្រទេសយើងមានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែមជាមួយសហគមន៍កសិករ អ្នកផលិតគ្រាប់ពូជស្រូវនៅច្រើកន្លែងថែមទៀត ដែលជាផ្នែកសំខាន់មួយនៃគោលនយោបាយប្រព័ន្ធស្បៀងបម្រុង របស់រាជរដ្ឋាភិបាលកម្ពុជា»។
កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ពីទឹកជំនន់នាពេលបច្ចុប្បន្ន ក្នុងនោះ ខេត្តពោធិ៍សាត់បានរងការ ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ ចំនួន៥៤៨ហិកតា(ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន។ នេះយោងតាមរបាយការណ៍បឋម របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
តាមយោងតាមរបាយការណ៍បឋមនេះ គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបានបង្កឱ្យជន់លិច ៤ក្រុង/ស្រុក រួមមាន៖ ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង និងប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ ដោតផលប៉ះពាល់ដល់ ប្រជាពលរដ្ឋចំនួន ៣,៤១០គ្រួសារ ស្មើនឹង២,៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង៕