2024-06-26 11:06
285

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នារសៀលថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ បានសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះបុគ្គលមួយចំនួនដែលបានកាឡៃបំភ្លៃការពិតក៏អាក្រក់មួយដោយធ្វើការប្រៀបធៀបករណីឃាតកម្មម្ចាស់បំណុលទាញកាំបិទកាប់កូនបំណុលស្លាប់នៅខេត្តកណ្តាល ជាមួយករណីបាញ់សម្លាប់ដ៏សាហាវ ដោយគ្មានការទទួលខុសត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា៖ មានករណីឃាតកម្មមួយនៅខេត្តកណ្តាល ដែលលោកបានចាំថាមានបុរសម្នាក់ ជាកូនបំណុលនៅម្ចាស់បំណុលទៅទាលុយត្រឹមតែ ៣៦ម៉ឺនរៀលប៉ុណ្ណោះ ដោយពេលកំពុងទាលុយនោះធ្វើឱ្យគាត់ខឹងបានទាញកាំបិទកាប់ ចំនួន ០៣កាំបិទបណ្តាលឱ្យស្លាប់ភ្លាមៗ រួចក៏រត់គេចខ្លួនហើយសមត្ថកិច្ចក៏ចាប់ខ្លួនបានហើយជននេះ ត្រូវបានចោទប្រកាន់ពីបទ៖ «ឃាតកម្ម» ដែលអាចប្រឈមការកាត់ទោសពី១០ឆ្នាំទៅ១៥ឆ្នាំ តាមមាត្រ ១៩៩ ចុះហេតុអ្វីបានជាយកព័ត៌មាននេះទៅបំភ្លៃការពិតដ៏អាក្រក់ថា ជនជាប់ចោទម្នាក់នេះ ត្រូវបានតុលាការខេត្តកណ្តាល កាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយបង្កើតឱ្យមានការភ័ន្តច្រឡំក្នុងស្រទាបសាធារណៈជនដោយគ្មានការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់បងប្អូនអ្នកសារព័ត៌មានអាជីពទៅទៀត​ ដែលបានផ្សាយព័ត៌មានត្រឹមត្រូវ ចែករំលែកចំណេះដឹង ប៉ុន្តែគាត់ចែករំលែកនូវព័ត៌មានមិនពិតហើយការឡៃក្នុងចេតនាមួយដ៏អាក្រក់បំផុត។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ «បច្ចុប្បន្នតុលាការខេត្តកណ្តាលបានចេញសេចក្តីបំភ្លឺជុំវិញនេះ ថែមទាំងនឹងមានវិធានការផ្លូវច្បាប់ទៀត ចំពោះករណីអ្នកដែលបំភ្លៃការពិតបែបនេះ»។ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា៖ «នេះមិនមែនជាករណីផ្សាយព័ត៌មានទេ ជាការបំភ្លៃការពិតទាំងស្រុង ព្រោះករណីនេះកំពុងស្ថិតក្នុងដំណាក់ស៊ើបអង្កេតមិនទាន់បញ្ចប់ផង៊​ បែរជាគាត់ផ្សាយថាតុលាការកាត់សេចក្តីបាត់ទៅហើយ និងប្រៀបធៀបគ្នានាំឱ្យសាធាណៈជនមានការយល់ច្រឡំ»

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «អ្វីដែលយើងចង់បានបំផុត គឺភាពត្រឹមត្រូវ និងភាពច្បាស់លាស់ ដូចបានបញ្ជាក់ពីខាងដើមហើយបើចៅក្រមខុស បើចៅក្រមបំពានច្បាប់ ចៅក្រមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសំណុំរឿងវិន័យបញ្ជូនទៅក្រុមប្រឹក្សានៃអង្គចៅក្រមមានជាបន្តបន្ទាប់ស្ទើជារៀងរាល់ថ្ងៃដោយដាក់ពិន័យផ្លាស់ប្តូរដោយបង្ខំជាដើម យើងត្រូវការភាពត្រឹមត្រូវអ្វីជាកាពិតមិនត្រូវផ្សាយអ្វីដែលមិនមែនជាការពិត»