2023-09-30 12:09
296

នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣នេះ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងឯកឧត្តម ងិន ណែល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារបច្ចេកទេសនិងមន្ទីរពាក់ព័ន្ធចុះត្រួតពិនិត្យផ្លូវលំជនបទ ចំនួន២ខ្សែ ក្នុងស្រុកលំផាត់ ចំនួន២ឃុំគឺប៉ាតាងនិងឃុំជ័យឧត្តម។ លោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថាផ្លូវ២ខ្សែនេះដែលមានរងការខូចខាតដោយកត្តាធម្មជាតិភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកគឺ ចាប់ពីផ្លូវឃុំកាឡែនដល់ឃុំប៉ាតាង មានប្រវែង១៧ គីឡូម៉ែត្រ និង១ខ្សែទៀតចាប់ពីមុខវត្តលំផាត់រហូតដល់គល់ស្ពានអូកានមានប្រវែង២គីឡូម៉ែត្រក្នុងឃុំ ជ័យឧត្តម។ លោកលើកឡើងថាផ្លូវដែលរងការខូចខាតទាំងពីរខ្សែរខាងលើ មន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីកំពុងតែជួសជុលស្ថាបនាបណ្ដើរៗហើយ ចាប់ពីរម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ឆ្ពោះទៅទឹកជ្រោះអូរស៊ិនលែរ៍ ឃុំកាលែង ស្រុកលំផាត់។ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានមានប្រសាសន៍បានជម្រុញអោយក្រុមការងារនិងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសម្រួលផ្លូវនេះដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋសិស្សានុសិស្ស មូលដ្ឋានក្នុងការធ្វើដំណើរ នឹង ដឹកជញ្ជូនដំណាំ កសិផល មកកាន់ទីផ្សារមានភាពងាយស្រួល។ ឯកឧត្តម បន្តទៀតថា ប៉ុន្មានខែមកនេះនៅតំបន់ភូមិភាគឥសាន្តគឺខេត្តរតនគិរីយើង ទទួលរងឥទ្ឋិពលព្យុះភ្លៀងជាប់ៗគ្នាមិនស្រាកស្រាន ធ្វើអោយផ្លូវជនបទនៅខេត្តរតនគិរីរងការខូចខាតជាច្រើនកន្លែងជាកំណាត់ៗ ទាំងស្រុងដោយជំនន់ទឹកភ្លៀងនាដូវវស្សាឆ្នាំនេះ។ ដោយឡែកផ្លូវចំនួន២ខ្សែនេះ រងការខូចតួផ្លូវលំបាកក្នុងការធ្វើដំណើរ។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមក សាលារៀនផងដែរ៕