2024-03-29 16:56
409

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់ ដែលផ្សព្វផ្សាយលក់តាមរយៈទំព័រហ្វេសបុកឈ្មោះ កាំភ្លើងចំពាមកៅស៊ូ VIP 10។ ដោយមានការអនុញ្ញាត្តពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆែកឆេរទីតាំងរក្សាទុកកាំភ្លើងចំពាមកែច្នៃប្រើគ្រាប់លោហៈចំនួន២ទីតាំង ដែលមានភូមិសាស្រ្តក្នុងខណ្ឌមានជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ។

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ  បញ្ជាក់ថា ៖ បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕