2024-11-09 10:03
60

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិនិងប្រជាជន។

មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្ររបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនប្រជាជាតិទាំងមូល។

ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕