2024-10-11 09:10
60

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកម្មពីប្រទេសបារាំងមុនពេលកំណត់ ។

   នៅព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២៤នេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤មានខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យនិងខណ្ឌដង្កោដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

     ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ 

នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិចលង់។ឯកឧត្ដមបន្តថាបើទោះបីឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺ ក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។ 

    ឯកឧត្តម ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យហើយក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ 

បន្តមកទៀតឯកឧត្ដមបានចុះមើលស្ថានីយបូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។

   ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ 

នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកម្មនៅប្រទេសបារាំង នៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិច។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍ មុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឱ្យតំបន់នេះ ទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ 

ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំរាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ គឺតែងតែ ដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។  

 ឯកឧត្ដមបានបញ្ជាក់ថា៖ ជាដំណោះស្រាយ ដើម្បីអោយតំបន់ត្រពាំងថ្លឹងនេះ បានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយបូមទឹកចំនួនពីរទៀត ដោយស្ថានីយបូមទឹកទី១ គ្រោង ស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនិង១កន្លែងទៀតលើប្រឡាយម័រ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ។

 ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។

ប៉ុន្តែដោយសារស្ថានីយ៍បូមទឹកបឹងទំពុនមិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ 

តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនអាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយបូមទឹក ពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹក ចេញពីតំបន់នេះបានប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញអោយតែមានភ្លៀងធ្លាក់ធំៗម្ដង គឺគ្រប់បណ្ដាស្ថានីយទាំងអស់នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះអោយបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ 

អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង ក្នុងបេសកម្មនៅប្រទេសបារាំងមិនទាន់បញ្ចប់នៅឡើយទេ។

 តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនទទួលរងការលិចដោយជំនន់ទឹកភ្លៀង  ឯកឧត្ដមក៏ប្រញាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេស កម្មរបស់ ឯកឧត្ដមមិនទាន់ត្រូវបានបញ្ចប់នូវឡើយទេ ដើម្បីមកដោះស្រាយការលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕