2023-09-10 03:09
345

(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានចំនួន៦៦៨នាក់ ក្នុងនោះស្ត្រី៤៧៩នាក់។
     ពិធីនេះ ក៏មានការចូលរួមពីលោករស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងលោកអភិបាលស្រុករមាសហែក ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
     លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ចំនួន៦៨នាក់ ស្ត្រី៣៥នាក់ បានចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិតាសួស ឃុំត្រស់ នៃស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាការគិតគូររបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី។
     លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានសង្កត់ធ្ងន់ថាការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន៤៨៧នាក់, ជំងឺទូទៅកុមារ បានចំនួន៥៧នាក់, ជំងឺស្ត្រីចំនួន២០នាក់,ជំងឺសន្លាក់ឆ្អឹង១៥នាក់ អេកូសាស្រ្តចំនួន៤២នាក់, វះកាត់តូចចំនួន១១នាក់, ជំងឺភ្នែក     ចំនួន៥នាក់ និងសុខភាពមាត់ធ្មេញចំនួន៥នាក់ និងសង្គ្រោះបឋមបាន៦នាក់ ជំងឺផ្លូវដង្ហើម១០នាក់ ទឹកនៅផ្អែម ១០នាក់ផងដែរ។
     លោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តែងតែចុះព្យាបាលជូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុក ក្រុងនានា នៃខេត្តស្វាយរៀងបានជាបន្តបន្ទាប់ ហើយ និងបន្តចុះព្យាបាលឲ្យបានញឹកញាប់ជូនប្រជាពលរដ្ឋឲ្យបន្ថែមទៀតជាពិសេសប្រជាពលរដ្ឋដែលនៅដាច់ស្រយាលពីទីរួមខេត្តផងដែរ
     ក្នុងឱកាសនោះ លោក រស់ ឆាយ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលជានិច្ចកាសម្ដេច លោកអភិបាលខេត្ត និងលោកប្រធានគណបក្សខេត្ត តែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយក៏បានផ្ដាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពគឺជាកត្តាចម្បងមួយ សម្រាប់ជីវភាព ការរស់នៅប្រចាំថ្ងៃ។
     លោករស់ ឆាយ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុករមាសហែក ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។
     លោកបានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលហើយ ជាពិសេស៦ចំណុចជាគោលនយោបាយរបស់គណបក្ស ត្រង់ចំណុចទី១ គឺគាំពារសុខភាពប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋកាន់តែល្អប្រសើរជាងមុន កំពុងបានអនុវត្តក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន  ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៧ នេះ។
     លោក រស់ ឆាយ បានផ្ដាំផ្ញើចំនួន៣ ចំណុចឲ្យអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋអនុវត្តឲ្យបានល្អប្រសើរនោះ៖
ទី១៖ ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំណុច ឲ្យបានល្អប្រសើរថែមទៀត ដោយធ្វើយ៉ាងណា ឲ្យមូលដ្ឋានភូមិ ឃុំកុំឲ្យកើតមានគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ទី២៖ ស្នើដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរទាំងអស់ ត្រូវមានការសាមគ្គីភាពគ្នាកុំឱ្យកើតនៅអំពើហិង្សាពីក្រុមគ្រួសារ រហូតដល់សហគមន៍ ដោយចេះអត់ឱន អធ្យាស្រ័យគ្នា យោគយល់គ្នាទៅវិញទៅមក កុំប៉ះដៃយកដៃ កុំប៉ះជើងយកជើងឲ្យសោះ ហើយចូលរួមទាំងអស់គ្នាក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ទី៣៖ ចូលរួមថែទាំសុខភាពឲ្យបានល្អ ព្រោះកាលណាមានសុខភាពល្អអាចធ្វើកិច្ចការងារផ្សេងៗបាន បើសុខភាពទ្រុឌទ្រោម គឺមិនអាចប្រកបរបរ រកស៊ីទទួលទានបានឡើយ ដូច្នេះសុខភាពមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ៕