2023-05-02 08:05
1180


តាកែវ៖ ពិតជាថ្លើមធំហួសថ្លែង ជនសង្ស័យម្នាក់បានចូលធ្វើសកម្មភាពលួចម៉ូតូរបស់ប៉ូលិស ក្នុងអធិការដ្ឋាននគរបាលស្រុកគិរីវង្ស ប៉ុន្តែត្រូវមន្ត្រីនគរបាលប្រចាំការដឹងទាន់ចាប់ខ្លួនភ្លាមៗ។ 


ករណីចោរថ្លើមធំហ៊ានចូលលួចម៉ូតូក្នុងអធិការនគរបាលខាងលើ កើតឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣  វេលាម៉ោង ២៣និង២០នាទី ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ 
នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ផានិត ភេទប្រុស  អាយុ ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ 
របាយការណ៍ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពមកលូចម៉ូតូកងកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ខណៈមន្ត្រីនគរបាលសម្រាកលង់លក់នៅកន្លែងប្រចាំការ។ ចំពោះម៉ូតូដែលចោរលួចម៉ាក វីស្ទុន ពណ៌ស្លែ ជាកម្មសិទ្ធរបស់ឈ្មោះ ម៉ុក ភីរម្យ  ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមន្រ្តីនគរនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវកម្លាំងភ្ញាក់ទាន់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាព និងឃាត់ខ្លួនតែម្តង។ 
នគរបាលបានបញ្ជាក់ថា មុនធ្វើសកម្មភាពលួចម៉ូតូរបស់មន្ត្រីនគរបាល ក្នុងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ជនសង្ស័យក៏បានចូលលួចឧបករណ៍មួយចំនួននៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ និងបន្តមកធ្វើសកម្មភាពលួចម៉ូតូនគរបាកក៏ជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់តែម្តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី៕