ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានបង្ហាញអំពីការរកឃើញសត្វឈ្លូសយក្សជាច្រើនក្បាល កំពុងមានវត្តមាននៅឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី និងស្ទឹងត្រែង នៃប្រទេសកម្ពុជា ខណៈប្រភេទសត្វដ៏កម្រមួយនេះជិតផុតពូជនៅលើពិភពលោក។
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានបង្ហាញនូវវីដេអូរដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដាក់បង្កប់ក្នុងព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិវីរៈជ័យ។
ការរកឃើញសត្វឈ្លូសយក្សដ៏រំភើបរីករាយនាពេលថ្មីៗ ក្នុងឆ្នាំ២០២៣ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យ នៃប្រទេសកម្ពុជា តាមរយៈដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ។
ម៉ាស៊ីនស្វ័យប្រវត្តថតបានវត្តមានសត្វឈ្លូសយក្ស ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក និងថតបានប្រភេទសត្វនេះជាច្រើនក្បាល។ ការរកឃើញនាពេលថ្មីៗនេះបាន បញ្ជាក់ពីសារសំខាន់នៃឧទ្យានជាតិវីរៈជ័យសម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។
ការសិក្សាស្រាវជ្រាវកន្លងមករបស់អង្គការសត្វព្រៃ និងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថា ប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។ ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះកំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ។ តែទោះបីជាយ៉ាងណា ប្រភេទសត្វឈ្លូសយក្សបាន និងកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជពីធម្មជាតិ ដោយសារកត្តាគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់។
ដូចនេះ ដើម្បីការពារសត្វឈ្លូសយក្សឲ្យបានគង់វង្ស យើងចាំបាច់ត្រូវការព័ត៌មានទិន្នន័យទាំងអស់នេះ ក្នុងការរៀបចំផែនការអភិរក្សជាក់ស្តែងជាបន្ទាន់ ដើម្បីការពារទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ៕