2024-02-19 12:32
222

បុណ្យផ្កាប្រាក់សាមគ្គីមួយដែលផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់មន្ទីរអង្គភាព និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាជាឯកឆ័ន្ទប្រារព្ធធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ ទិញ គ្រឿង ប្រក់ដំបូល ឧប្បដ្ឋាន (សាលាឆាន់)នៅក្នុងវត្តរតនៈរង្សី (ហៅវត្តបរកែវ) ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

កម្មវិធីបុណ្យបានប្រារព្ធធ្វើឡើងនៅវត្តរតនៈរង្សី នៅល្ងាចថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គិត ទ្រីអ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោក អភិបាលស្រុក អស់លោក លោកស្រី ជាមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកករផងដែរ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គីបានរៀបចំពិធីទៅតាមលំដាប់លំដោយប្រពៃណីព្រះពុទ្ធសាសនា មានដូចជា៖ពិធីសូត្រមន្តធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។

លុះព្រឹកឡើងត្រូវនឹងថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការបានរៀបចំដង្ហែផ្កាប្រាក់ឆ្ពោះទៅកាន់ទីអារាមខាងលើវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

នាឱកាសនេះ ឯកឧត្តម គិត ទ្រី បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ជាក់ស្តែងការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះជាការបង្ហាញពីសាមគ្គីគ្នារវាងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើការយកចិត្តទុកដាក់គាំទ្រវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន។
សូមបញ្ជាក់ផងដែរថា បច្ច័យដែលប្រមូលបានពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកប្រើប្រាស់ ទិញ គ្រឿង ប្រក់ដំបូល ឧប្បដ្ឋាន (សាលាឆាន់)នៅក្នុងវត្តរតនៈរង្សី (វត្តបរកែវ) នាពេលនេះបានចំនួនជាង ៣៤លានរៀល៕