2023-08-15 11:29
263

 

ភ្នំពេញ ៖ ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែលលោក ហេង សួរ បានអញ្ជើញជាអធិបតីតំណាង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបជុំសំណេះសំណាល ជាមួយនិស្សិតដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន២៦រូប កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

នាឱកាសនោះ លោក ហេង សួរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់ លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំង ២៦រូប និងបានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភី ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយសារកត្តាសុខភាពគឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ។

លោក ហេង សួរ ក៏បានលើកឡើងថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរេលក្ខខណ្ឌ។ 

 លោក ហេង សួរ បានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសជប៉ុន។ឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភីទាំងអស់នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១៤៨០នាក់ហើយ ដែលបានទៅសិក្សានៅប្រទេសជប៉ុន។ ដោយឡែក ចំពោះអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាពដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២៣ នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប (ស្រី១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕