2023-09-05 02:09
255

ហ្សាការតា៖ ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាល នៃបណ្តាប្រជាសមាជិកអាស៊ាន និងដៃគូរអាស៊ាន និងភរិយាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ដែលបានប្រព្រឹត្តទៅនៅទិក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ជាបណ្តាប្រទេសជាសមាជិកអាស៊ាន និងអាស៊ានបូកផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ដោយបានរំលេចពីវឌ្ឍនភាពរបស់អាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ រួមទាំងការប្តេជ្ញាចិត្តរបស់បណ្តាមេដឹកនាំអាស៊ាន និងការជំរុញឆ្ពោះទៅមុខនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ASEAN” ។

ក្នុងព្រឹត្តិការណ៍នេះ បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងបណ្តាប្រទេសជា ដៃគូរអាស៊ាន ឬអាស៊ានបូក បានទស្សនាវីដេអូខ្លីៗ និងប្រកាសពីជ័យលាភីពានរង្វាន់អាស៊ាន និងការប្រកាសដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការគ្រប់គ្រងការបំពល់អ័ព្ទឆ្លងដែន ដែលជាការប្តេជ្ញាចិត្តរួមគ្នារបស់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទស្នាលរាក់ទាក់ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលអាស៊ាន និងពិភពលោកបានជួបប្រទះ។

ប្រមុខថ្នាក់ដឹកនាំកំពូលៗរបស់អាស៊ាន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើងឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍ ទស្សនវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ និងពង្រឹងស្ថាប័ននានារបស់អាស៊ានផងដែរ។ក្រុមមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងដៃគូរពាក់ព័ន្ធបានបង្ហាញពីសារៈសំខាន់ និងអាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច៕