រតនគិរី÷ រថយន្តវេអង ០១គ្រឿង លួចដឹកឈើប្រណិតជាច្រើនម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី បង្ក្រាបកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២និង០០នាទីរសៀល ដោយមានការសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
រថយន្តសណ្ដោងរ៉ឺម៉កដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់ខាងលើ ម៉ាក ហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 3A-1000 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1352 ធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ចេញពីផ្ទះរបស់ ម៉ាប់ ក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
បុរសមានឈ្មោះ គឹម ហ៊ុយ ជាម្ចាស់រថយន្ត និងជាម្ចាស់ឈើ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះថា៖ «គាត់ពិតជាបានលួចបង្កប់ដឹកឈើខុសច្បាប់មួយចំនួនពិតប្រាកដមែនដោយដាក់ពីក្រោមដើមស្វាយចន្ទី ខាងក្រោមបង្កប់ឈើប្រភេទ សុក្រម និងផ្ចឹក ដែលមានមុខកាត់ 0.១៥គុណ0.១៥ម៉ែត្រ ប្រវែង ៣.៥០ម៉ែត្រ ទៅ៤ម៉ែត្រ មានចំនួន ១៤ ដើម»។ ម្ចាស់រថយន្តបានបញ្ជាក់ទៀតថា៖ «នេះជាលើកទី២ ដែលលោកបានដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះយកចេញពីទឹកដីឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តកំពង់ចាម»។
បច្ចុប្បន្នរថយន្ត និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕