កណ្តាល៖ រឿងរ៉ាវទំនាស់ដណ្តើមដីកេរ្តិ៍ដូនតាដែលបន្សល់ទុក ក្រោយពីចាស់ៗបានទទួលមរណៈភាពអស់ទៅបង្កឲ្យក្រុមគ្រួសារ ០២សាច់ញាតិនឹងគ្នាឈ្លោះប្រកែកជាច្រើនឆ្នាំ ដើម្បីទាមទាឲ្យមានការបែងចែកដីកេរ្តិ៍ ដោយសារជម្លោះដីកេរ្តិ៍មិនទាន់ដោះស្រាយបញ្ចប់ផងស្រាប់តែភាគីម្ខាងហៅជាង ដើម្បីពិភាគ្សាសាងសង់ផ្ទះ ក៏ផ្ទុះជាអំពើហិង្សាភាគីម្ខាងទៀតលើកគ្នាមកវាយតប់គ្នាបណ្តាលឲ្យរងរបួស ចំនូន ០៣នាក់ ចាប់ខ្លួនបានម្នាក់ និង ០២នាក់ទៀត រត់គេចខ្លួនបាត់។
អំហិង្សារវាងបងប្អូនបង្កើតនឹងគ្នា ដែលផ្តើមឡើងដោយសារការដណ្តើរដីកេរ្តិ៍ដូនតាបន្សល់ទុកឲ្យនេះ បានកើតឡើងតាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មកម្លេះ ស្ថិតក្នងភូមិអណ្តូងទឹក ហៅវត្តត្នោត ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីអំពើហិង្សាវាយដណ្តើមដីកេរ្តិ៍ខាងលើ មានចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ យាន សុខេន ហៅញ៉ាញ់ ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មកររោងចក្រ រងរបួសស្រាល ត្រូវ ក ក្បាល ផ្ទៃមុខ, ទី២- ឈ្មោះ ណេត សឿន ភេទប្រុស អាយុ ៥១ឆ្នាំ កម្មករសំណង់ រស់នៅភូមិអណ្តូងទឹក ឃុំលំហាច របួសបែកក្បាល ក្តោងច្រមុះ និងហើមកំភួនជើងឆ្វេង និងទី៣- ឈ្មោះ សឿន ស្រីដា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ របួសបែកក្បាលដេរ ចំនួន ០៤ថ្នេរ និងសន្លប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។
ប៉ូលិសបានឲ្យដឹងទៀតថា ភាគីជម្លោះមានគ្នា ចំនួន ០៣នាក់ ដូចគ្នា សមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ ឈ្មោះ ផុន សាវ៉ាត ហៅ សុខ គុយ ភេទស្រី អាយុ ៣៧ឆ្នាំ។ ចំណែកឈ្មោះ ផុន កុសល ភេទប្រុស អាយុ ៣៥ឆ្នាំ និងឈ្មោះ ស៊ិន ហៀង ភេទស្រី អាយុ ៧៣ឆ្នាំ បានរត់គេចខ្លួនក្រោយកើតហេតុ។
អង្គហេតុ៖ ភាគីជម្លោះទាំងពីរ គឺជាសាច់ញាតិនឹងគ្នា ប៉ុន្តែធ្លាប់មានទំនាស់គ្នាច្រើនលើកច្រើនសារមកហលយរឿងដណ្តើមដីកេរ្ត៍ដូនតាសន្សល់ទុក។ នៅមុនពេលកើតហេតុ ភាគីជនរងគ្រោះឈ្មោះ យាន សុខេន ហៅ ញ៉ាញ់ បានហៅឈ្មោះ កុក កាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាជាងមកផ្ទះខ្លួនពិគ្រោះគ្នារឿងសង់ផ្ទះលើដីកេរ្តិ៍កំពុងមានទំនាស់ និងបានទិញស្រាបៀរផឹកបណ្តើរជជែកគ្នាបណ្តើរ។ លុះមួយសន្ទុះឈ្មោះ ផុន កុសល បានកាន់ដែកបំពង់ទីបដើរសំដៅចូលទៅរកឈ្មោះ យាន សុខេន ឃើញដូច្នេះជាងផ្ទះដែលជាមនុស្សស្គាល់គ្នាឃើញមិនស្រួលក៏ក្រោកទៅរាក់ទាក់ ហើយយកបំពង់ទីបចេញបោះចោលភ្លាមៗនោះ ឈ្មោះ សឿន ស្រីដា បានយកទូរសព្ទមកថតភាគីម្ខាងទៀត ទើបធ្វើឱ្យឈ្មោះ ផុន កុសល ផ្ទុះកំហឹងស្ទុះទៅចាប់យកទូរសព្ទបោកចោល និងស្រែកឡូឡា ឃើញដូច្នេះ យាន សុខេន ក៏ចូលទៅឃាត់ក៏ឈ្លោះទាក់ពាក្យជាមួយឈ្មោះ ផុន កុសល ហើយ ផុន កុសល បានវាយ យាន សុខេន យ៉ាងដំណំ រួច ឈ្មោះ ផុន សាវ៉ាត ក៏ស្ទុះទៅរើសដែកបំពង់ទីបវាយឈ្មោះ សឿន ស្រីដា និងឈ្មោះ ណេត សឿន បែកក្បាល ក្តោងច្រមុះ និងជើងយ៉ាងដំណំ ហើយក៏ត្រូវញាតិជិតខាងជួយឃាត់បំបែកពីគ្នា និងបញ្ជូនជនរងគ្រោះទាំង ០៣នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍លំហាច សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងចាប់ជនសង្ស័យឈ្មោះ ផុន សាវ៉ាត មកធ្វើការសាក់សួរ។ ចំណែក ០២នាក់ទៀត បានរត់គេច។