ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ នៃរដ្ឋសភា) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីចុះពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក។
បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភានាពេលនេះ មានគោលបំណងតាមដានការអនុវត្តច្បាប់ និងដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអភិក្រមទាំង៥ គឺមុនស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ជូនគណៈប្រតិភូថា៖ កន្លងមក ខេត្តបានចុះត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រួចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានចុះតាមខ្នងផ្ទះ ដើម្បីសិក្សាឈ្វេងយល់ ភ្ជាប់បញ្ហាប្រឈម សំណើ សំណូមពរ និងបានដោះស្រាយសេវាតម្រូវការ សេវាសំណូមពរ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ព្រមទាំងបានធ្វើការពង្រឹងសមត្ថភាពមន្រ្តីគ្រប់ផ្នែកទាំងអស់ ជាពិសេសវិស័យទាំង៤ពាក់ពន្ធ័ជាមួយគណៈកម្មការទទួលបន្ទុក ព្រមទាំងបានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាពទាំង៤ ផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ រដ្ឋបាលខេត្តបានធ្វើគោលនយោបាយជាច្រើន ក្នុងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋឱ្យបានយល់ដឹងបានច្បាស់ និងសហការជាមួយអាជ្ញាធរខេត្តពីសារៈសំខាន់ការប្រើប្រាស់ប័ណ្ណ ប.ស.ស ការចូលរួមក្នុងសមាគមន៍មនុស្សចាស់ និងធ្វើការពង្រឹងសមត្ថភាពចំណេះដឹងលើជំនាញបន្ថែមទៀត ពិសេសវិស័យសុខាភិបាល ដែលតម្រូវឱ្យមន្ត្រីសុខាភិបាលទាំងអស់ មានសមត្ថភាពខ្ពស់ និងក្រមសិលធម៌ ក្នុងការព្យាបាល ព្រមទាំងចេះប្រើប្រាស់គ្រឿងបរិក្ខាពេទ្យឱ្យបានច្បាស់លាស់ ងាយស្រួលជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវជាតិ អន្តរជាតិមកកំសាន្តនៅទីនេះ បានទាន់ពេលវេលា ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកជំទាវបណ្ឌិតអភិបាលខេត្តរួចមក លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ដល់អាជ្ញាធរខេត្តប៉ៃលិន ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការផ្តល់សេវាសុខាភិបាលសម្រាប់ពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម និងសន្តិសុខសង្គម ការបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចេកទេសជូនដល់យុវជនក្រីក្រ ងាយរងហានិភ័យ ដោយឧបត្ថម្ភសាច់ប្រាក់ ២៨ម៉ឺនរៀល ក្នុងមួយខែ ធ្វើការពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យឱ្យទាន់ពេលវេលា ព្រមទាំងធ្វើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំពារធុរកិច្ច ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការគាំពារសង្គមដល់ជនស្វ័យនិយោជន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដល់ការថែទាំសុខភាពសាធារណៈ។
លោកជំទាវប្រធានប្រតិភូ ក៍បានមានប្រសាសន៍សំណូមពរឱ្យអាជ្ញាធរខេត្ត មន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខេត្តទាំងអស់ ធ្វើការអប់រំផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមរយៈវេទិកាសាធារណៈ ភូមិ ឃុំមានសុវត្ថិភាព ផ្សព្វផ្សាយតាមមន្ទីរពេទ្យ និងធ្វើប៉ាណូដាក់តាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជំងឺនេះ ដែលសព្វថ្ងៃជំងឺមិនឆ្លងនេះបានសម្លាប់ប្រជាពលរដ្ឋយើងយ៉ាងស្ងៀមស្ងាត់ជិត២០០នាក់ក្នុងមួយថ្ងៃ ហើយជាមួយគ្នានោះ ខេត្តត្រូវធ្វើការផ្សព្វផ្សាយតាមទីប្រជុំជន តាមទីសាធារណៈបន្ថែមទៀត ដល់បុគ្គលស្វ័យនិយោជន៍ឲ្យយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណប.ស.ស និងត្រូវធ្វើការពន្យល់ ដល់យុវជនក្រីក្រងាយរងហានិភ័យ ឱ្យយល់ដឹងពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យបានកាន់តែច្បាស់លាល់ ដើម្បីភាពងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការការងារក្នុងពេលបច្ចុប្បន្ន ៕
ក្នុងឱកាសប្រតិភូ គណៈកម្មការទី៨ នៃរដ្ឋសភា ចុះបេសកកម្មនៅខេត្តប៉ៃលិនលោកជំទាវ ឡោក ខេង បានពិនិត្យឃើញ និងសូមកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ជាពិសេសមានភាពទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពប្រជាជន ដោយបានទម្លាក់ចុះនូវស្លាកផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវ និងបានដាក់ជំនួសមកវិញនូវទង់ជាតិព្រះរាជាណាចក្រកម្ពុជាដែលករណីនេះ បានបញ្ជាក់ឱ្យឃើញថា រដ្ឋបាលខេត្ត បានអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ក្នុងឱកាសបិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានខ្លឹមសារបញ្ជាក់មួយចំណុចគឺ «ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង» ហើយកន្លងមក រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញលិខិតជូនដំណឹងផងដែរ ស្តីពីការកម្រិតការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីផលប៉ះពាល់លើសុខភាព ពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ ។ដ,ស សារឿន