2023-12-01 11:12
312

ភ្នំពេញ ៖     ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ។ 

លោកស្រីឯកអគ្គរដ្ឋទូតគុយបាបានថ្លែងថា ជំនួបនៅក្នុងថ្ងៃនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងក្រសួងបរិស្ថាន និងក្រសួងវិទ្យាស្ថាន និងបរិស្ថាននៅគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាន ។  លើសពីនេះ លោកជំទាវក៏សូមសម្តែងកាអបអរសាទរចំពោះ លោករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមជាតំណាងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល G77 ប្រទេសចិន  និងសូមជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ COP-28 នៅប្រទេសឌូបៃនាពេលខាងមុខនេះ ។ 

ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា សូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងក្រសួង និង វិទ្យាស្ថានបរិស្ថានប្រទេសគុយបា ដែលបានយកចិត្តទុកដាក់ក្នុងវិស័យបរិស្ថាន ។  ជាការពិតណាស់ បរិស្ថានជាបញ្ហាសកល ដែលមិនអាចមើលរំលងបាន ហេតុនេះក្នុងរយៈពេល១០០ថ្ងៃដំបូងនៃរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបានដាក់ចេញ នូវយុទ្ធសាស្រ្តចក្រា ដែលមានការងារអាទិភាព៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ។  ជាការកត់សម្គាល់បន្ថែម លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះប្រទេសគុយបា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យនានានៅកម្ពុជា ដែលមានជាអាទិ៍៖ វិស័យសុខាភិបាល កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀត ៕