រតនគិរី៖ មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក "ឡុំ" បានឃុបឃិតជាមួយមេឈ្មួញវៀតណាម បើកភ្លើងខៀវឲ្យម៉ូតូដឹកបទល្មើសព្រៃឈើយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់ តាមច្រករបៀងដែលខ្លួនកំពុងគ្រប់គ្រង។
សេចក្តីយការណ៍ បានឲ្យដឹងថា បទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ដឹកទៅលក់ប្រទេសវៀតណាម បានយ៉ាងរលូនជារៀងរាល់យប់នៅចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកឡុំ ចំណុះឲ្យវរការពារព្រំដែនគោក៦២៣ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រជាពលរដ្ឋ រាយការណ៍មកថា លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក "ឡុំ" បានលួចបើកច្រករបៀងឲ្យម៉ូតូដឹកឈើជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ជារៀងរាប់យប់ចាប់ពីម៉ោង០៦ល្ងាច រហូតដល់ភ្លឺគ្មានខ្លាចញញើតច្បាប់ឡើយ។ ក្នុងមួយយប់ៗមានម៉ូតូកែច្នៃដឹកឈើរាប់រយគ្រឿងដឹកជញ្ជូនបទល្មើសព្រៃឈើយកទៅក្នុងប្រទេសវៀតណាម។
តាមអ្នករកស៊ីដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ដោយម៉ូតូប្រាប់ថា ជារៀងរាល់យប់មានម៉ូតូដឹកឈើមិនតិចឡើយហើយពេលគិតលុយថ្លៃឈើឈ្មួញវៀតណាម តែងតែកាត់យកលុយក្នុងម៉ូតូមួយគ្រឿង ១៥ ០០០រៀលឬ១៨ ០០០រៀល ទុកសម្រាប់បង់ជូនទៅលោកមេប៉ុស្តិ៍នគរបាលឡុំ និងទាហាន។
សូមបញ្ជាក់ថា ឈើដែលដឹកយកទៅលក់នៅប្រទេសវៀតណាមជាភេទឈើមូលដែលមានមុខកាត់ចាប់ពី២៥ ដល់៣០ ប្រវែង២,៦០ម៉ែត្រ៕