2024-01-12 12:01
334

ភ្នំពេញ៖     អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក ពិសិដ្ឋ រតនា ប្រធានការិយាល័យលេខា ក្រុមប្រឹក្សាស្រុកកៀនស្វាយ ចូលខ្លួនបំភ្លឺពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់មន្ត្រីនគរបាល ០២រូបស្លាប់ និងរបួសជាច្រើននាក់លើផ្លូវជាតិលេខ១ កាលពីយប់ម្សិលមិញ ដោយសង្ស័យជាអ្នកបើកបររថយន្ត LEXUS។ 

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបុរសម្នាក់មានឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខា ក្រុមប្រឹក្សាស្រុកកៀនស្វាយ សូមចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុច បុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្ត ម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប ០៣៩៣ និងរថយន្ត ម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។ 

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យរថយន្តទាំង ០២គ្រឿងខូចខាតធ្ងន់ ក្នុងនោះ ភាគីរថយន្ត ម៉ាក Lexus ជិះក្នុងរថយន្ត ចំនួន ០៥នាក់ ប្រុស ០៣នាក់ ស្រី ០២នាក់ បណ្តាលឱ្យ ស្លាប់ ០២នាក់ប្រុស។ ចំណែកស្រី ០២នាក់ របួសធ្ងន់ និងស្រាល ចំនួន ០១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។ 

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការការអំពាវនាវឱ្យសាម៉ីខ្លួនមកបំភ្លឺ គឺដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការសួរនាំមួយចំនួនជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ដោយសារតែអ្នករងរបួសធ្ងន់ ០២នាក់ នោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបានទេ។ 

ក្នុងហេតុការណ៍នេះ អ្នកបើករថយន្ត ម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្ត ម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផងដែរ៕