2024-02-04 02:02
421

ភ្នំពេញ៖ ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកត្រជៀក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានលើកឡើងអំពីផលប៉ះពាល់នៃជំងឺ «Otomycosis» គឺជាការឆ្លងមេរោគផ្សិតនៅក្នុងរន្ធត្រចៀកដ៏គ្រោះថ្នាក់។
    អ្នកជំនាញបានអះអាងថា៖ ការឆ្លងមេរោគផ្សិតនៅក្នុងរន្ធត្រចៀក ដ៏គ្រោះថ្នាក់ចំផុត ដែលរោគសញ្ញាមានដូចជា ៖ ឈឺចាប់ និងរមាស់ក្នុងត្រចៀក។ មានសារធាតុរាវហូរចេញពីត្រចៀក, មានអារម្មណ៍ហ៊ឹងណែនក្នុងត្រចៀក, មានការថយចុះ ឬបាត់បង់ការស្តាប់ជាដើម។
   ចំពោះអ្នកជំងឺដែលប្រឈមនឹងបញ្ហានេះ មានដូចជា៖ អ្នកជំងឺទឹកនោមផ្អែម។ អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ និងអ្នកដែលត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិក(ថ្នាំផ្សះ)បន្តក់ត្រចៀករយៈពេលវែងក៏អាចមានបញ្ហាផ្សិតត្រចៀកនេះផងដែរ។
  របៀបព្យាបាល៖ ត្រូវឲ្យគ្រូពេទ្យឯកទេសសម្អាតត្រចៀករបស់អ្នកដើម្បីបំបាត់ការកកកុញដែលបណ្តាលឲ្យហ៊ឹង និងការបញ្ចេញសារធាតុរាវពីត្រចៀក និងបន្តការព្យាបាលដោយថ្នាំ។ សូមកុំសាកល្បងសំអាតវានៅផ្ទះដោយប្រើសំឡី ឬប្រើឧបករណ៍ផ្សេងទៀតនៅក្នុងត្រចៀករបស់អ្នកឲ្យសោះ។
   ប្រសិនអ្នកជំងឺជួបប្រទះបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការពិនិត្យ និងសម្អាតជូន៕