2024-10-31 02:10
10

ភ្នំពេញ៖ នៅចុងខែតុលា ឆ្នាំ២០២៤នេះ តាមរបាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ជួរភ្នំក្រវាញកណ្តាលបានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទ ត្រូវបានចុះបញ្ជី (ពីប្រភេទ ងាយរងគ្រោះដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN។ 

របាយការណ៍នេះ គូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់ជួរភ្នំក្រវាញកណ្តាលថាជាទីជម្រកសំខាន់បំផុតមួយសម្រាប់ជីវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសាកលនិងកំពុងរងការគំរាមកំហែង។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដែលចេញផ្សាយនៅថ្ងៃនេះដោយក្រសួងបរិស្ថាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូបង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវបានកត់ត្រាបាន ចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វលូនមាន ៥ ប្រភេទ។ 

ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ (មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃនិងសត្វឈ្លូសជាដើម។ ការសិក្សានេះក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀតរួមមាន ដំរីអាស៊ី ខ្លាពពក ខ្លាភ្លឺថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូចនិងខ្លាឃ្មុំធំ។ 

តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាលនៅរក្សាបាន ៩៥% នៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ 

តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុងចំណោមតំបន់អេកូសាស្ត្រសំខាន់ជាសកលទាំង ២០០ ជាជម្រកនៃសត្វព្រៃជាង ៥០០ ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិដើមភាគតិចផង និងព័រដែលមានចំនួនជិត ៤ពាន់នាក់។ 

តំបន់ជួរភ្នំក្រវាញកណ្តាលនេះជាកន្លែងស្តុកទុកបរិមាណកាបូនច្រើន និងមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ ដែលរស់នៅអាស្រ័យទឹកពីតំបន់នោះក្នុងការទ្រទ្រង់កសិកម្ម និងនេសាទ។

 ប្រភពទឹកទាំងនោះក៏ជាធនធានសំខាន់ដែលហូបំពេញបឹងទន្លេសាបដែរ។

អ្នកស្រី ថោង រ៉េត ជាអ្នកដឹកនាំការស្រាវជ្រាវ នៃរបាយការណ៍នេះបានលើកឡើងថា៖ «របាយការណ៍នេះ គឺជាភស្តុតាងវិទ្យាសាស្ត្រមួយអាចបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការអភិរក្ស។ 

យើងបានថតជាប់នូវសត្វព្រៃចំនួន ១០៨ ប្រភេទ ហើយពួកវាតំណាងឱ្យតែផ្នែកខ្លះ នៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ។ 

យ៉ាងណាម៉ាស៊ីនថតស្វ័យប្រវិត្តរបស់យើងមិនអាចចាប់យករូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ 

យើងត្រូវការការស្រាវជ្រាវយ៉ាងទូលំទូលាយបន្ថែមទៀត ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្ត្រ ដើម្បីរក្សាការពារឱ្យបាននូវទីមនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ»។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាមានប្រសាសន៍សង្កត់ធ្ងន់អំពីសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា៖ «លទ្ធផលនៃរបាយការណ៍នេះ សបញ្ជាក់ជាថ្មីថា ព្រៃឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដីរបស់យើងផងដែរ។ 

របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។

លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា៖ «ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ 

ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយ ដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវបរិស្ថានធម្មជាតិ»។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា៖ «របាយការណ៍ប្រភេទសត្វនេះ គឺជាលទ្ធផលនៃកិច្ចសហការរួមរវាងរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិកេរដំណែលតំបន់ទេសភាពឬហៅថា Legacy Landscapes Found (LLF) ក្រុមហ៊ុន Procter & Gamble Co. (P&G) អង្គការអភិរក្សអន្តរជាតិ សហគមន៍ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាននិងដៃគូដទៃទៀត។ 

ការស្រាវជ្រាវនេះ ជាឯកសារជំនួយសំខាន់ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ពង្រឹងការអភិរក្សជីវៈចម្រុះ កាត់បន្ថយការប្រែប្រួលអាកាសធាតុ រក្សាទីជម្រកធម្មជាតិដែលផ្តល់នូវទឹកសាប និងធនធានសម្រាប់ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិ»៕