ពោធិ៍សាត់៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូចំនួន ០២គ្រឿង បុកគ្នាពេញទំហឹង ខណៈពេលបត់ឆ្លងផ្លូវ។ ហេតុការនេះ បានកើតឡើង ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១២និង៤៥នាទី ស្ថិតលើផ្លូវក្រាលកៅស៊ូ ចំណុច មុខផ្ទះឈ្មោះ ទុំ ភីន ស្ថិតក្នុងភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកសណ្តែក ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង មិនពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់) ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកយ៉ាងពេញទំហឹង ម៉ូតូមួយគ្រឿងទៀត ម៉ាក់ វេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-8030 បើកបរដោយឈ្មោះ ទុំ ភីន ភេទស្រី អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន មិនពាក់មួកសុវត្ថិភាព ជិះបត់ឆ្លងផ្លូវពីកើតទៅត្បូងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ជាតិ ជេម ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (គ្មានរបួស)។ ក្រោយពេលកើតហេតុចំពោះអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថា “ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន”។
បច្ចុប្បន្ន សពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូចំនួន ០២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង រង់ចាំការដោះស្រាយតាមនីតិវិធី៕