2023-12-20 15:20
483

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះធ្វើវិធានការរដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភលើប្រឡាយស្រុកទឹកបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត  ។ 

     យោងតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ផ្ទៃបឹងត្របែកនេះ និងយោងតាមលិខិតជូនដំណឹងរបស់សាលាខណ្ឌចំការមន បានអោយម្ចាស់សំណង់ ធ្វើការរុះរើរបងថ្ម ដោយស្ម័គ្រចិត្ត ប៉ុន្តែលោកស្រី សាយ សុផា ដែលជាម្ចាស់សំណង់មិនព្រម នៅរឹងរូស មិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់អោយរូបលោកដឹកនាំកម្លាំង និងគ្រឿងចក្រ ចុះធ្វើការវាយរបងថ្មនេះតែម្តង ។

     ក្នុងនោះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានបញ្ជាក់ថា ខណៈកម្លាំងកំពុងបញ្ជាគ្រឿងចក្រ វាយរបងថ្មរំលោភផ្ទៃបឹងនោះ លោកស្រីម្ចាស់សំណង់ បានចេញមុខប្រកែក និងតវ៉ាផងដែរ តែដោយមានការពន្យល់បកស្រាយពីសំណាក់អាជ្ញាធរ ចុងក្រោយទើបម្ចាស់សំណង់រំលោភចំណីបឹងនេះ យល់ព្រមតាមអាជ្ញាធរក្នុងការរុះរើ វាយរបងថ្មនោះ។ 

    សូមបញ្ជាក់ថា យោងលិខិតរបស់រដ្ឋបាលខណ្ឌចំការមន បានចេញលិខិតឲ្យ លោកស្រី សាយ សុផា ដែលសាងសង់របងថ្មរឹងមាំ ក្នុងផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) រុះរើចេញជាច្រើនលើកមកហើយ។ ផ្អែកតាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ឃើញថា លោកស្រី បាននិងកំពុងសាងសង់របងអំពីឥដ្ឋចូលក្នុងបរិវេណផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) ស្ថិតនៅផ្ទះលេខ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអាងស្តុកទឹកសម្រាប់រំដោះទឹកនៅរដូវវស្សា និងជាតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់។ 

    ដើម្បីចូលរួមក្នុងការគោរពច្បាប់ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខណ្ឌចំការមន ស្នើឱ្យលោកស្រី ធ្វើការវាយរបងថ្ម ដែលបានសាងសង់រួចចេញដោយខ្លួនឯង ក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីបានទទួលលិខិតជូនដំណឹងនេះ។ ក្នុងករណី លោកស្រី មិនព្រមវាយចេញទេនោះ រដ្ឋបាលខណ្ឌ និងចាត់ក្រុមការងារចុះវាយចេញ និងមិនទទួលខុសត្រូវចំពោះការខូចខាត ឫបាត់បង់សម្ភារឡើយ៕