2024-09-29 01:09
20

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព - Tourism and Peace» ដើម្បីផ្ដោតសំខាន់លើការផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងសន្តិភាពពិភពលោក ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទេសចរណ៍ ឱ្យធ្វើប្រតិបត្តិការទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមចំណុះក្រសួង និងស្ថាប័នពាក់ព័ន្ធ, មន្ទីរទេសចរណ៍ ២៥ រាជធានី ខេត្ត, អង្គការជាតិ-អន្តរជាតិ ILO, GIZ, IOM, AFD, ADB, SDC, Swisscontact, សមាគមន៍ CCA, CHA, CRA, CTF, CATA, PATA, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ACT, ACAC, PSE, WYTHS, Salabai, Pual Dubrul, RPITSSR, គ្រូបង្គោល អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន, លោកគ្រូ អ្នកគ្រូ តំណាងសាកលវិទ្យាល័យទេសចរណ៍, សិស្ស-និស្សិតទេសចរណ៍ និងមន្រ្តីនាយកដ្ឋានរៀបចំសម្របសម្រួល សរុបចំនួន ៣០០ នាក់ នៅទីស្តីការក្រសួងទេសចរណ៍។ 

លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ បានថ្លែងថា៖ «ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤នេះ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀប នៃការធ្វើដំណើរ ការផ្លាស់ប្ដូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក»។

 ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ប្រធានបទនៃទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ គឺពិតជាឆ្លើយតបនឹងសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងឧបសគ្គ ក៏ដូចជាបញ្ហារកាំរកូស ប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ ជំងឺប្លែកៗ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។

 កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” ព្រមជាមួយនឹងកេរ្តិ៍ឈ្មោះជាប្រទេសចំណាស់មួយនៅក្នុងពិភពលោក ដែលមានវប្បធម៌ដ៏សម្បូរបែប និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីប្រតិព័ទ្ធ និងចំណីអារម្មណ៍ដ៏ស្រស់ស្រាយសម្រាប់ទេសចរណ៍ជាតិអន្តរជាតិ គ្រប់ជាតិសាសន៍ និងគ្រប់វ័យ មកទស្សនាកម្សាន្ត។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ ផែនទីចង្អុលផ្លូវនៅក្នុងវិស័យទេសចរណ៍ ( Roadmap in Tourism Sector)»។ 

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ យើងត្រូវចាប់យកវិស័យទេសចរណ៍គន្លឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទៅប្រជាជាតិមួយទៀត ពីជាតិសាសន៍មួយទៅជាតិសាន៍មួយទៀត ព្រោះប្រទេសដែលមានសន្តិភាពទើបមានទេសចរទៅកម្សាន្ត ហើយការធ្វើចរាចរណ៍របស់ទេសចរ ជាការបង្កើតឱ្យមានភាពស្និតស្នាល ការរាប់អាន ស្វែងយល់ពីវប្បធម៌ ប្រពៃណី និងមានការស្រលាញ់រាប់អានគ្នា ដែលស្របនឹងពាក្យស្លោកថា “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដោយយើងត្រូវសហការគ្នាខំប្រឹងទាំងអស់គ្នា ព្រោះ “ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕