2024-01-18 12:37
218

ស្ទឹងត្រែង៖ រថយន្តធុនធំដឹកដំឡូងមីលើសទម្ងន់បង្កឲ្យស្ពាន ២កន្លែង នៅក្នុងភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាលាបរិវ៉ាត់ រងការបាក់ស្រុត និងទ្រុតទ្រោមយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការទប់ស្កាត់នឹងធ្វើការជួសជុលស្ពានឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផលទៅកាន់ទីផ្សារ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះ មានរថយន្តធនធំតែងតែដឹកលើសទម្ងន់ដឹកឆ្លងកាត់ស្ពាន ចំនួន ២កន្លែង ក្នុងឃុំអូរៃទាំងយប់ទាំងថ្ងៃបង្កឲ្យស្ពានដែកប៉េឡេ នៅចំកណ្ដាលស្ពានបាក់ស្រុត ប្រជាពលរដ្ឋ ខំធ្វើការជួសជុលបណ្ដុះអាសន្នតែមិនអាចទ្រទ្រង់ទម្ងន់រថយន្តដែលផ្ទុកលើសនោះបានឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា ទោះជាស្ពានដែកនេះសង់រឹងមាំយ៉ាងណាក៏មិនអាចទ្រទ្រង់និងការដឹកលើទម្ងន់របស់រថយន្តខ្នាតធំបានឡើយពេលដែលរថយន្តឆ្លងកាត់ម្ដងៗធ្វើឲ្យស្ពានរង្គើញ័ររហូតឈានដល់ការបាក់ស្រុតធ្ងន់ធ្ងរថែមទៀត។

ពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ ស្នើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធជួយធ្វើការទប់ស្កាត់រថយន្តដឹកលើទម្ងន់ និងធ្វើការជួសជុលស្ពានខូចនោះឡើងវិញ ដើម្បីងាយស្រួលដល់កសិករដឹកកសិផលទៅកាន់ទីផ្សារ ហើយក៏ជារដូវកសិករប្រមូលផលដែរ។

ពាក់ព័ន្ធក្នុងករណីបាក់ស្ពាន ខាងលើនេះ លោកស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ផ្លូវស្ពានមួយខ្សែក្រាលគ្រោះក្រហមដែលតភ្ជាប់ពីស្រុកថាលាបរិវ៉ាត់ទៅស្រុកសៀមបូក តាមដងទន្លេមេគង្គ គឺមិនស្ថិតនៅក្នុងការគ្រប់គ្រង ឬចំណាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនោះទេ។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់ថា ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈឲ្យនៅបានល្អស្នើសុំទៅម្ចាស់យានយន្តដែលផ្ទុកលើសទម្ងន់ ឬរថយន្តធុនធំទាំងអស់ត្រូវចូលរួមប្រើប្រាស់ផ្លូវកុំឲ្យដឹកលើសទម្ងន់ឆ្លងកាត់ជៀសវាងការប្រើប្រាស់មិនបានយូរអង្វែង។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ត់បញ្ជាក់ថា: នៅចំពោះមុខលោកនឹងរៀបចំកម្លាំងធ្វើការជួសជុលស្ពានដែកនេះឡើងវិញ។
សូមបញ្ជាក់ថា ស្ពានទាំងពីរកន្លែងនេះស្ថិតនៅក្នុងភូមិអន្លង់ស្វាយឃុំអូរៃស្រុកសាលាបរិវ៉ាត់ខេត្តស្ទឹងត្រែងដែលមានចម្ងាយផ្លូវពីទីរួមខេត្តប្រមាណជាង ២០ គីឡូម៉ែត្រស្របតាមដងទន្លេមេគង្គ៕