2024-11-01 11:11
35

(សៀមរាប)៖ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ រយៈពេល២ថ្ងៃ លើទឹកដីអង្គរ ដែលបានប្រារព្ធឡើងជាប្រវត្តិសាស្ត្របង្ហាញពីវប្បធម៌ អរិយធម៌ និងផ្ទាំងទស្សនីយភាពជាច្រើននោះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបានការគាំទ្រទាំងភ្ញៀវជាតិនិងអន្តរជាតិដោយពួកគេបានចំណាយពេលវេលាចូលរួមលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករ និងប្រកបដោយស្នាមញញឹមគ្រប់ៗគ្នា។

ផ្តើមចេញពីភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានទាំងភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី១ដែលសមាគមសិល្បករខ្មែរបានរៀបចំឡើងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែងនិងយកចិត្តទុកដាក់បំផុតពីលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាំងធនធានមនុស្ស ឧបករណ៍បរិក្ខាផ្សេងៗ និង ទស្សនទានល្អៗទើបញ៉ាំងឱ្យមានព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២ លេចរូបរាងឡើងជាថ្មីនាពេលនេះ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានថ្លែងថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២នេះត្រូវបានរៀបចំឡើងកាន់តែធំជាងមុននិងអស្ចារ្យជាងមុន តាមរយៈការចង្អុលបង្ហាញដោយផ្ទាល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប ហើយក៏មានការសហការឧបត្ថម្ភគាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរអប្សរា។ 

ក្នុងនោះក៏មានការឧបត្ថម្ភធំពីក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនដៃគូសហការជាច្រើន ទៀតផងដែរ។

លោកជំទាវអ្នកឧកញ៉ាបានបន្ថែមថាព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២នេះក៏ត្រូវបានសហការរៀបចំឡើងក្នុងគោលបំណងធំៗពីរគឺទី១ដើម្បីអបអសាទរខួបទី២ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកទី២ព្រឹត្តិការណ៍នេះ ក៏ប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ ពិសេសទៅកាន់ពិភពលោកទាំងមូលដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាពោលគឺរួមគ្នាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងឈានទៅសម្រេចឱ្យ បានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២នេះនៅព្រឹកថ្ងៃទី២៩ ខែតុលា គឺជាពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២ ជាផ្លូវការណ៍នៅមុខប្រាសាទអង្គរវត្តដោយមានការសម្តែងសិល្បៈផ្សេងៗអមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ចម្រុះផងដែរ។ 

រីឯនៅពេលរសៀលគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃទស្សនីយភាពការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរនិងការសម្តែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ដោយក្នុងនោះមានសិល្បករ-សិល្បការិនីល្បីៗប្រមាណ៥០០ នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែងយ៉ាងរស់រវើក។

លោកជំទាវអ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថាដោយឡែកនៅថ្ងៃទី៣០ ខែតុលានេះ កម្មវិធីស្នាមញញឹមនៃកម្ពុជាដែលក្នុងនោះមានកម្មវិធីរៀបចំពិព័រណ៌ភ្លក្សម្ហូបអាហារនំចំណី ផ្លែឈើនិងភេសជ្ជៈបែបខ្មែរមានការប្រគំតន្ត្រី ខា្នតតូចការសម្តែងផ្ទាំងទស្សនីយ ភាពល្បែងរបាំសិល្បៈផ្សេងៗ ជាច្រើនទម្រង់អមដោយការអត្ថាធិប្បាយពីពិធីករ -ពិធីការិនីល្បីៗដើម្បីជាកិច្ចស្វាគមន៍និងផ្តល់ ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដូច្នេះការប្រមូលផ្តុំជួបជុំគ្នារៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជាលើកទី២នៅខេត្តសៀមរាប គឺជាកិច្ចខិតខំរួមគ្នាទាំងវិស័យរដ្ឋនិងឯកជនដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពលើគ្រប់វិស័យរបស់កម្ពុជាមិនត្រឹមតែសិល្បវប្បធម៌ប៉ុណ្ណោះទេ ពោលគឺរួមគ្នាកសាងទំនុកចិត្ត កេរ្តិ៍ឈ្មោះកម្ពុជា (Image) និងបន្សាបនូវព័ត៌មានអវិជ្ជមាននិងគំនិតអគតិមួយចំនួនពី កម្ពុជាទាំងលើឆាកជាតិនិងអន្តរជាតិ៕